ដំនឹងគ្រោះថ្នាក់ទាន់ហេតុការណ៍
ល្ងាចមិញ (ថ្ងៃទី ១៥ វិច្ឆិកា ២០០៩ ម៉ោង ៥ ល្ងាច) ឬ អាចថា អំបាញ់មិញក៏បាន គ្រោះថ្នាក់ តិចតួចល្មមអាចនឹងគំរាមកំហែងដល់ជីវិតបានកើតឡើងបន្តបន្ទាប់គ្នាក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិច។
ជាដំបូង ដោយសារថ្ងៃនេះជាថ្ងៃអាទិត្យ អ្នកស្នេហាកីឡាទាំងក្មេងទាំងចាស់នាំគ្នាមកប្រជ្រៀតទាត់បាល់ទាំងក្នុងទាំងក្រៅតារាងបាល់ ទាំងលើទាំងក្រោម ទាំងតារាងដីក្រហម និង តារាងលតឆា។ ខ្ញុំចូលទៅដល់ស្តាតម៉ោង ៤កន្លះ និង ចំនាយឱយសន្តិសុខយាមផ្លូវចូល ១០០០ រៀលដូចសព្វដងហើយនៅតែមិនបានលេងបាល់នឹងគេទៀត។ យើងសល់គ្នាប៉ុន្មាននាក់ ក៏ទាត់ត្រេះលេងបណ្ដើរៗ រង់ចាំក្រុមយើងវិលចូលលេងជាមួយគេដែរ។ មិនយូរប៉ុន្មាន បាល់មួយមិនដឹងមកពីណាទេ ហើរមកបុកគុម្ពត្រចៀករបស់ខ្ញុំ ទំងន់ប្រហែល ២០ គីឡូ។ បើសិនជាបាល់នេះត្រូវអ្នកផ្សេងវិញ មិនចាំបាច់ដល់ថ្នាក់មនុស្សចាស់ ឬ ស្ត្រីទេ សូម្បីតែអ្នកលេងបាល់ដូចគ្នា ត្រូវបាល់គេស៊ុតតំរង់សៀតផ្កាដោយមិនដឹងខ្លួនបែបនេះ ប្រហែលជាសន្លប់ធំផងក៏មិនដឹង។ ជាលទ្ធផល ខ្ញុំងីងើរមួយសន្ទុះ ហើយគ្មាននរណាម្នាក់ចូលមកសូមទោសបន្តិចណាទេ នេះជាទឹកចិត្តកីឡាករដែលមិនមែនអាជីព។ ថាមិនត្រូវដែរ កីឡាករអាជីពខ្លះ និងខ្លះទៀត ឫកមិនខុសពីពាលប៉ុន្មានដែរ។
បន្តិចក្រោយមក តារាងនៅខាងក្រោយខ្នងខ្ញុំគេអ៊ូអរចោមរោមរថយន្តមួយ បន្ទាប់ពីលឺសូរអ្វីមួយប៉ះទង្គិចនឹងរថយន្តនោះរួចមក។ ជាធម្មតានៅតារាងខាងខ្ញុំវិញ យើងប្រយ័ត្នប្រយែងណាស់ ឱយតែមានរថយន្តមិនថាអន់រខេករខាក ឬ អស់លោកពាក់ផ្លាកមន្ត្រីណាមួយទេ យើងត្រូវតែផ្អាកលេងជាដាច់ខាត ព្រោះការប៉ះទង្គិចលើកណាក៏ខាតទាំងសងខាង នរណាៗក៏ដឹងដែរ។ ការពិត មិនមែនបាល់រត់បុកកញ្ចក់រថយន្តដូចរាល់ដងទេ តែនេះគឺមិនដឹងជាកូនចៅលោកណាទេដែលព្រហើនបើកឡានដេញបុកអ្នកលេងបាល់វិញ។ ការពិតបន្ទាប់មកទៀត ខ្ញុំទើបដឹងថាគាត់មិនមែនជាកូនចៅលោកណាទេ គឺមានគេរអ៊ូគ្រប់ៗគ្នាថា ធ្វើគ្រូរបស់សហព័ន្ធហើយនៅតែបញ្ចេញចរឹកពាល ដេញបុកក្មេងលេងបាល់ហើយ គំរាមដកកាំភ្លើងដេញបាញ់គេទៀត។ នរណាហ៊ានអើតមើលបើលេងសុទ្ធតែដំនោះស្រាយបែបព្រៃបែបនេះ តែអ្នកលេងបាល់ក្នុងស្តាតទាំងអស់ហាក់ស្រុះគ្នាអស្ចារ្យមិនត្រឹមតែមិនហ៊ានអើតមើលម្ដងទេ គឺគេអើតម្ដងហើយ ម្ដងទៀត រកកាំភ្លើងនោះទុកនៅទីណា នឹងអាលដកហូតទុក ត្បិតគេថាគាត់នេះរាងស្រវឹងផង។
ក្រុមមួយផ្សេងទៀតមកពីខាងណាមិនដឹងក៏ជួយផ្ដល់ពត៌មានបន្តថា ឡានហ្នឹងទើបនឹងដេញបុកគ្នាគាត់កំពុងលេងស្វានៅជ្រុងម្ខាងទៀត ហើយពួកគាត់ស្មានថាមនុស្សពាលម្នាក់នេះស្គាល់គ្នាគាត់ហើយធ្វើលេងដាក់គ្នា ហើយទើបតែដឹងថាគាត់នេះចេញពីសាលាបើកបរដែលគេបង្រៀនឱយដេញបុកមនុស្សសោះ។ ជាធម្មតាបើក្មេងស្ទាវធ្វើសកម្មភាពស្ទាវបែបនេះប្រព័ន្ធសារពត៌មានច្រើនហៅថា ក្មេងទំនើង។ ចាស់ៗក៏ហៅវាថា អាក្មេងអត់ម៉ែឪប្រដៅ។ តែនេះជាមនុស្សចាស់បញ្ចេញចរឹកមិនគួរ ឱយគោរពកោតខ្លាចបែបនេះ ទោះបីយើងហៅគាត់ថា ចាស់ទំនើង ក៏ប្រហែលជាមិនទាន់ស័ក្តិសមដែរមើលទៅ។
គួរបញ្ជាក់ដែរថា ទោះបីរថយន្តប៉ះពាល់មនុស្សដោយចេតនា ឬ ដោយអចេតនាក្ដី អ្នកបើកបរត្រូវមានការទទួលខុសត្រូវទាំងស្រុងនៅលើដងផ្លូវ។ ឯដីស្តាតនេះផង ចំម៉ោង ៥ល្ងាចផង ចំថ្ងៃអាទិត្យផង ចំជាមនុស្សមកផ្ដុំក្បាលគ្នាកុះករមែនទែនហើយ។ បើរថយន្តណាត្រូវការបើកចេញក្រៅ ដោយមិនចង់ឆ្លងកាត់ហ្វូងមនុស្ស គេគួរតែរកច្រកចេញមួយណាដែលជិតបំផុត មិនមែនឆ្វែលកន្លះជុំហើយទើបបើកចេញតាមចំនង់នោះទេ។ សកម្មភាពដេញបុកមនុស្សកណ្ដាលហ្វូងបែបនេះ អជ្ញាធរគួរតែដកហូតប័ណ្ណបើកបរ ហើយធ្វើការព្រមាន និង សុំទោសជាសាធារណៈ ។ នេះមិនទាន់គិតដល់រូបគាត់ជាគ្រូបង្វឹកកីឡារបស់សហព័ន្ធ ដែលហ៊ានបើកបុកកីឡាករផង បើសហព័ន្ធបណ្ដេញចេញពីការងារ ព្រឹត្តិការណ៍នេះហាក់ដូចជាអស្ចារ្យពេកហើយគួរឱយអានិតរូបគាត់ដែរ។
របាយការណ៍នេះចប់ត្រឹមហ្នេះ។ បើសរសេរឱយស្អាត ឱយប្រទាក់ក្រលាគ្នាពេក ឱយដូចជាអ្នកយកពត៌មានអាជីពពេក អ្នកកាសែតមានការឯណាធ្វើ។ វវរក្រុមហ៊ុនកាសែតប្រជែងគ្នាដេញថ្លៃជ្រើសយកខ្ញុំជាបុគ្គលិករាយការណ៍ពត៌មាន ខ្ញុំមានពេលឯណាលេងបាល់ទៀត។ ពត៌មានចុងក្រោយដែលទទួលបានហើយខ្ញុំកត់ដាក់បាតជើងគឺរថយន្តនោះពាក់ផ្លាកលេខ 2E 3964។