ទូរស័ព្ទចល័តសំរាប់កម្ពុជា
សព្វថ្ងៃក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទកំពុងរីកដុះដាលយ៉ាងសំបើម ខុសគ្នាកាលពីដប់ឆ្នាំមុនដែលពេលនិយាយម្ដងៗត្រូវរវៃទូរស័ព្ទលើតុ ឬ ក៏យកទូរស័ព្ទប៉ុនដុំអិដ្ឋមកផ្ទប់នឹងត្រចៀក។ អ្នកមានទូរស័ព្ទសម័យនោះគួរឱយអស្ចារ្យណាស់ លុះមកដល់សម័យនេះសូម្បីសិស្សវិទ្យាល័យក៏មានទូរស័ព្ទប្រើផ្ទាល់ខ្លួនបាត់ទៅហើយ ស៊ីមក៏ថោកទៀត ប្រើហើយកាច់ចោលក៏បាន។
ខ្ញុំមិនមានសមត្ថភាពសាកល្បងគ្រប់ប្រព័ន្ធនោះទេ តែខាងក្រោមនេះជាមូលហេតុខ្លះៗសំរាប់ជាជំរើសរបស់អតិថិជន៖
- តំលៃ៖ អ្នកប្រើប្រាស់ចង់បានប្រព័ន្ធណាដែលគិតថ្លៃទាប ទាំងការហៅចេញក្នុងប្រទេស និង ក្រៅប្រទេស ទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ទាំងការផ្ញើសារ
- ទំហំបណ្ដាញ៖ ការលាតសន្ធឹងបណ្ដាញទូទាំងប្រទេស ទោតាមខេត្ត ទីដាច់ស្រយាល និងការភ្ជាប់ប្រព័ន្ធ 24/7 មិនរអាក់រអួល
- សេវាកម្ម៖ ជំនួយប្រចាំការសំរាប់រង់ចាំដោះស្រាយចំងល់អតិថិជនទាំងតាមការហៅទូរស័ព្ទ ទាំងនៅនឹងកន្លែងផ្ទាល់ សេវាកម្មបន្ទាប់បន្សំដូចជា ringtone, wallpaper, internet, funclub,… ក៏ជាកត្តាសំខាន់ក្នុងការជ្រើសរើសដែរ
- បរិមាណអ្នកប្រើប្រាស់៖ ឧបស័គ្គចំបងដែលយើងមិនចង់ប្ដូរប្រព័ន្ធទូរស័ព្ទគឺធុញទ្រាន់នឹងហៅប្រាប់មិត្តភ័ក្ដិ គ្រួសារថាយើងប្ដូរលេខទូរស័ព្ទ និង គេមិនមានប្រើប្រព័ន្ធដែលយើងប្រើថ្មី។ ឧទាហរណ៍ជាក់ស្ដែងខ្ញុំ, បងប្អូន, ពុកម៉ែ សុទ្ធតែប្រើ 012 ដូច្នោះការទំនាក់ទំនងគ្នាក្នុងប្រព័ន្ធជាការងាយស្រួលជាងឆ្លងប្រព័ន្ធ បើយើងប្ដូរទៅប្រព័ន្ធថ្មីទាំងអស់គ្នា តើត្រូវចំនាយពេលប៉ុន្មានសំរាប់ប្រាប់មិត្តភ័ក្តិ មិត្តរួមការងារ ឬ អតិថិជនអស់ថាយើងប្ដូរលេខ។ តែបើ 012 នៅតែថ្លៃបែបនេះទៀតយើងល្មមដល់ពេលគិតគូរប្ដូរមកប្រើប្រព័ន្ធផ្សេងហើយ
ដោយឡែក ក្រុមហ៊ុនទូរស័ព្ទបច្ចុប្បន្នមាន ៨ ប្រើលេខ ៦ខ្ទង់ មាន ១៣ក្បាល និងលេខ ៧ខ្ទង់ (097) ១ទៀត អាចបំរើតំរូវការបាន ១៣លាន + ១០លាន = ២៣ លាន លេខ។ នេះគឺលើសពីចំនួនប្រជាជនខ្មែរទាំងអស់ទៅទៀត ដូច្នោះហើយទើបមានអ្នកខ្លះកាន់ទូរស័ព្ទពីរ បី តែឯង ខ្លះទៀតកាន់ទូរស័ព្ទតែមួយ តែមានស៊ីមដល់ទៅដប់ មិនគិតទាំងស៊ីមដែលកាច់ចោលហើយខ្លះផង។
ក្រុមហ៊ុនទូរស័ព្ទទាំងនេះសុទ្ធតែមានគេហទំព័រផ្ទាល់ខ្លួនតែមិនសូវជាមានសកម្មភាពប៉ុន្មានទេ ដោយសារប្រជាជនមិនសូវជាមានលទ្ធភាពប្រើប្រាស់បណ្ដាញ Internet ជាទូទៅ។
| ក្រុមហ៊ុន | លេខប្រព័ន្ធ |
| Cellcard Excell Hello Metfone Mfone qb Smart Starcell |
012, 017, 087, 092 018 015, 016 097 011, 085, 099 013 010, 093 098 |
គំនិតគួរពិចារណា៖
- ការប្រើប្រាស់ទូរស័ព្ទផ្ដល់វិបាកអ្វីខ្លះ?
- ទូរស័ព្ទអ្វីដែលពេញនិយមជាងគេ? ដោយសារអ្វី?
- ទូរស័ព្ទដំនើរការយ៉ាងដូចម្ដេច?
- តើនៅពេលណាមួយ ក្រុមហ៊ុនពីរឬច្រើនអាចរួមបញ្ចូលគ្នាតែមួយបានដែរឬទេ?
- ប្រវត្តិក្រុមហ៊ុនទូរស័ព្ទនៅកម្ពុជា។
- តើក្រុមហ៊ុនទូរស័ព្ទនៅកម្ពុជាផ្ដល់ការងារឱយប្រជាជនខ្មែរបានប៉ុន្មាន?
- បុគ្គលិកក្រុមហ៊ុនទូរស័ព្ទត្រូវមានជំនាញអ្វីខ្លះ?
- លេខទូរស័ព្ទសំខាន់ៗដែលគួរមានជាប់នឹងខ្លួនមានអ្វី ខ្លះ?
- …