ការសរសេរកំនត់ហេតុឱយបានល្អ
ការបង្កើតកំនត់ហេតុលើបណ្ដាញច្រើនរាប់មិនអស់មកហើយនេះ យើងគួរដឹងថាទោះបីជាអត្ថបទរបស់យើងជាកំនត់ត្រាផ្ទាល់ខ្លួនក៏ដោយ ក៏សំនេរទាំងនេះនឹងក្លាយជាឯកសារយោង ជាគំនិតពិចារណារបស់អ្នកអានក្នុងពេលណាមួយ។ ការប្រើពាក្យមិនសមរម្យ ឬ ក៏ភាសារនិយាយច្រើនពេក នឹងបណ្ដាលឱយកំនត់ហេតុរបស់យើងក្លាយជាវេទិការតៀមកាហ្វេសំរាប់ប្រាជ្ញមិនចេះចប់មិនចេះហើយ រហូតដល់យើងមិនដឹងថាអ្នកសរសេរចង់និយាយពីអ្វី ឬ អ្នកអានកំពុងជជែកដើម្បីអ្វីដែរ។ តើយើងបង្កើតកំនត់ហេតុបណ្ដាញដោយសារតែឃើញគេសរសេរដែរ? ឬ ក៏គ្រាន់តែបំពេញចន្លោះនៅសល់ក្នុងបណ្ដាញ Internet តែប៉ុណ្ណោះ។
ខាងក្រោមនេះ ជាគំនិតមួយចំនួនដែលមិនអាចចាត់ទុកថាល្អប្រសើរនោះទេ តែគ្រាន់តែជាការយល់ឃើញនូវចំនុចខ្វះខាតមួយចំនួនរបស់មិត្តភក្ដិយើងដែលបាននិងកំពុងសរសេរកំនត់ហេតុ ហើយក៏សំរាប់ផ្ដល់ជាគំនិតដល់អ្នកដែលមានបំនងចង់បង្កើតកំនត់ហេតុបណ្ដាញមួយដែរ។ ការតំរៀបទាំងនេះមិនមានតាមលំដាប់លំដោយទេ ខ្ញុំគ្រាន់តែលើកយកមកដោយត្រួសៗដោយមិនបានបែងចែកប្រភេទគោលគំនិតអ្វីទេ។ ខ្ញុំនឹងព្យាយាមតំរៀបចំនាត់ក្រុមគំនិតទាំងនេះនៅថ្ងៃក្រោយ។
- ជ្រើសរើស Theme ដែលសមស្របសំរាប់ប្រភេទកំនត់ហេតុ
- កំនត់ចំនួនអត្ថបទនៅទំព័រដើមឱយតិចបំផុត
- សរសេរ Post Summary សំរាប់ Feed Reader
- រក្សា Sidebar ឱយខ្លី
- បែកចែកប្រភេទអត្ថបទ ដើម្បីងាយស្រួលស្វែងរកតាមការចូលចិត្តរបស់អ្នកអាន
- រៀបចំឱយបានត្រឹមត្រូវមុនពេលសរសេរ
- បន្ថយទំហំរូបភាពដោយរក្សានៅត្រឹមអាចមើលយល់បានថាជាអ្វី
- ស្វែងរកឯកសារយោងដែលអាចទុកចិត្តបានមិនមែនយករឿងពីអ្នកចំលងពីអ្នកចំលង ពីអ្នកចំលងពីអ្នកដែលចំលងពីម្ចាស់ដើមនោះទេ។
- លើកទឹកចិត្តឱយអ្នកអានផ្ដល់យោបល់
- ឆ្លើយតបនឹងយោបល់អ្នកអាន
- សរសេរពីអ្វីដែលអ្នកផ្សេងមិនទាន់បានសរសេរ
- សរសេរពីអ្វីដែលនៅក្នុងប្រធានបទតែមួយ មិនរាយប៉ាយ បើអាចធ្វើបាន
- ជៀសវាងការសរសេរពី នយោបាយ សិច ការប្រកាន់ពូជសាសន៍ និងសាសនា លើកលែងតែអ្នកជាអ្នកជំនាញផ្នែកនោះ
- ប្រើប្រាស់ពាក្យគន្លឹះឱយបានត្រឹមត្រូវដើម្បីបង្ហាញពីខ្លឹមសារអត្ថបទទាំងមូល
- អានកំនត់ហេតុអ្នកដទៃ រៀនពីអ្នកដទៃ អ្វីដែលគេចូលចិត្ត អ្វីដែលគេមិនចូលចិត្ត
- បង្កើតកំនត់ហេតុជាក្រុមដោយផ្ដោតលើប្រធានបទណាមួយដែលយើងបានសិក្សាច្បាស់លាស់
- សរសេរយោបល់លើកំនត់ហេតុនរណាម្នាក់ (តែគួរជៀសវាងការប្រមាថលើគេ អ្នកនឹងទទួលយោបល់ទាំងវិជ្ជមាន និង អវិជ្ជមានដំនាលគ្នា)
- សរសេរឱយបានទៀងទាត់
- កុំហើយកុំទៀត កុំចំលងពីគេ (plagiarism)៖ យើងគួរធ្វើត្រឹមភ្ជាប់ link ទៅអត្ថបទដើម ហើយផ្ដល់យោបល់ក្នុងកំនត់ហេតុយើងគឺគ្រប់គ្រាន់ហើយ។
គំនិតទាំងនេះមិនប្រាកដថាត្រឹមត្រូវសំរាប់អ្នកអានទាំងអស់នោះទេ។ សូមជួយបំពេញកង្វះខាតបើមានកំហុសត្រង់ផ្នែកណាមួយ។
គំនិតខ្លះៗសំរាប់អ្នក៖
- ភាពខុសគ្នារវាង Wordpress មិនគិតថ្លៃនិងទំព័រ Wordpress មានផ្ទាល់ខ្លួនខុសគ្នាដូចម្ដេច?
- Widgets សំខាន់អ្វីខ្លះដែលគួរដាក់នៅលើ Sidebar?
- Widgets អ្វីខ្លះដែលអាចដកចេញពី Sidebar បាន?
- បើអ្នកនឹងសរសេរកំនត់ហេតុជាក្រុម (Team Blogging) តើអ្នកនឹងសរសេរពីអ្វី?
- ការចំលងដូចម្ដេចដែលមិនខុសច្បាប់កម្មសិទ្ធិបញ្ញា?
- Feed Reader ណាខ្លះ ដែលអ្នកនឹងណែនាំឱយអ្នកអានប្រើប្រាស់?
- តើយើងគួរសរសេរកំនត់ហេតុញឹកញាប់ប៉ុណ្ណា?
- គុណសម្បត្តិ និង គុណវិបត្តិ ក្នុងការអនុញ្ញាតិឱយមានការពិភាក្សាតាមរយៈ Comments?
- តើគួរជ្រើសរើសកំនត់ហេតុប្រភេទណាដែលល្អសំរាប់អាន?
- តើការស្គាល់មិត្តភ័ក្ដិតាមប្រព័ន្ធ Internet គួរឱយទុកចិត្តបានឬទេ?