ហ្អេ! ចាក់​សាំង! អា​ប្រកាច់​យក៍!

កាល​ពី​ល្ងាច​ម្សិល​មិញ ថ្ងៃ​ទី ១៥ តុលា ២០០៩ ក្រោយ​ពេល​ទាត់​បាល់​ចប់ ខ្ញុំ​​បាន​ចេញ​ទៅ​ទិញ​បុក​ល្ហុង​នៅ​មាត់​ទន្លេ​មក​ហូប ហូប​ហើយ​ខ្ញុំ​ថែម​គុយ​ទាវ​រុញ​តាម​រទេះ​កាត់​មុខ​ផ្ទះ​បន្ថែម​ទៀត។ មិន​អស់​ចិត្ត ខ្ញុំ​ចេញ​ទៅ​ទិញ Pepsi មួយ​កំប៉ុង​ទៀត​គ្រាន់​បាន​លាង​មាត់។

ម៉ោង ៨:៣៧ នាទី ខ្ញុំ​ចូល​ដល់​ StarMart ធ្វើ​ឱយ​ខ្ញុំ​នឹង​ឃើញ​រូប​ភាព​ពី​ថ្ងៃ​មុនៗ​ទៀត ដែល​អតិថិជន​ចូល​ទិញ​ទំនិញ​ជា​ច្រើន​នាក់​ហាក់​ដូច​ជា​ខ្វះ​សុជីវធម៌​ម្យ៉ាង​​ដែល​ខ្ញុំ​ពិបាក​អត់​អោន គឺ​ពួក​គេ​មិន​ចេះ​តំរង់​ជួរ​​តាម​ក្រោយ​សោះ។ បើ​អ្នក​ណា​ពូកែ​និយាយ ពូកែ​ប្រជ្រៀត រឺ​ក៏​ពូកែ​សំដែង​អំនាច​របស់​ខ្លួន បុគ្គលិក​ត្រូវ​តែ​បង្ខំ​ចិត្ត​គិត​លុយ​ឱយ​គេ​មុន​ទៅ ហើយ​ងាក​មក​គ្រវី​ក្បាល​ជា​មួយ​ខ្ញុំ​ មិន​សម​ពូជ​ខ្មែរ​ដែល​ធ្លាប់​តែ​សរសើរ​ខ្លួន​ឯង បែរ​ជា​តំកើង​ឫក​ពាល​បែប​នេះ​សោះ។
នៅ​ពេល​ចេញ​មក​ក្រៅ​វិញ មាន​រថយន្ដខ្មៅ​មួយ​គ្រឿង ម៉ាក Lexus (អ្នក​ខ្លះ​ហៅ​វា​ថា «លុចស៊ីស» តែ​ខ្ញុំ​មិន​ដឹង​ថា​នេះ​ជា​ពាក្យ​ខេមរយានកម្ម​មក​ពី​ក្រសួង​ណា​ទេ) ចត​ត្រង់​​កន្លែង​ចាក់​សាំង​មួយ​ដែល​គ្មាន​មនុស្ស​នៅ​ចាំ​បំរើ​សេវាកម្ម (បី​កន្លែង​ទៀត​សុទ្ធ​តែ​មាន​បុគ្គលិក និង មាន​ម៉ូតូ មួយ ឬ ពីរ នៅ​ជា​មួយ​ផង)។ អង្គរក្ស​ម្នាក់ មាឌ​ធំ​ក្រអាញ​ ឈរ​ច្រត់​ចង្កេះ បែរ​មុខ​តំរង់​មក​បុគ្គលិក​នៅ​ក្នុង StarMart ហើយ​ស្រែក​ក្ដែងៗ​តែ​ម្ដង៖

ហ្អេ! ចាក់សាំង! អា​ប្រកាច់​យក៍!

…​ សំដៅ​ទៅ​រក​បុគ្គលិក​នៅ​ក្នុង​បន្ទប់​កញ្ចក់។ ខ្ញុំ​មិន​គិត​ថា​​មាន​នរណា​ម្នាក់​នៅ​ខាង​ក្នុង​បាន​លឺ​សំលេង​ដ៏​ក្រអួន​ក្រអៅ​របស់​មហាបុរស​នេះ​ទេ តែ​គេ​អាច​ដឹង​ភ្លាម​ដោយ​មនុស្ស​នៅ​ខាង​ក្រៅ​ទាំង​អស់​បែរ​មុខ​សំដៅ​ទៅ​ក្នុង​បន្ទប់​កញ្ចក់​ ហាក់​ចង់​ប្រាប់​បុគ្គលិក​ទាំង​នោះ​ថា​អាសន្ន​ជិត​មក​ដល់​ហើយ។
សំដី​មួយ​ឃ្លានេះ យើង​ធ្លាប់​តែ​គិត​ថា​មាន​តែ​មនុស្ស​ចុះ​ពី​ភ្នំ, មនុស្ស​មក​ពី​ជនបទ, ឬ ក្មេង​ពាល​ទេ​ដែល​ហ៊ាន​ប្រើ​​ដោយ​មិន​ខ្លាច​ចិត្ត​នរណា។ តែ​រូបរាង និង សំភារៈ​របស់​ជន​ជំពូក​នេះ​ក៏​មិន​ធម្មតា​ដែរ។ ត្បិត​តែ​អ្នក​ទាំង​នោះ​មាន​ឈ្មោះ​ជា​អង្គរក្ស​មែន តែ​គេ​ជា​អង្គរក្ស​របស់​អ្នក​មាន​អំនាច មាន​ចំនេះ​ដឹង ឬ តួនាទី​សំខាន់​ក្នុង​ជួរ​រដ្ឋាភិបាល។ ការ​ហ្វឹកហាត់​របស់​ពួក​គេ​មិន​គួរ​មាន​ត្រឹម​តែ​ការ​វាយ​តប់ សំរែក​គំរាម ឬ បាញ់​ប្រហារ​ដូច​ខ្សែ​ភាព​យន្ត​ហុងកុង ឬ ហូលីវូដ​ប៉ុណ្ណោះ​ទេ តែ​សុជីវធម៌​ជា​មុខ​វិជ្ជា​មួយ​មិន​អាច​ខ្វះ​បាន​​ក្នុង​ការ​សិក្សា​គ្រប់​ប្រព័ន្ធ។
ឧទាហរណ៍​ថា បើ​ខ្ញុំ​មាន​ចរិក​ទំយើ ទំរើស ច្រឡោម​ខាម ចាស់​ៗ​ប្រាកដ​ជា​តិះ​ដៀល​ថា​ជា​ អាក្មេង​គ្មាន​ម៉ែឪ​ប្រដៅ។ ការ​ពិត​មិន​មែន​មក​ពី​ម៉ែឪ​ទាំង​ស្រុង​នោះ​ទេ។ អត្តចរិក​ក្មេង​​ប្រែ​ប្រួល​អាស្រ័យ​នឹង​គ្រូ​មិន​ចេះ​អប់​រំ​ក៏​ថា​បាន មិត្តភ័ក្តិ​បបួល​ទៅ​ឆ្កួត​លីលា​ក៏​ថា​បាន ឬ ក៏​មក​ពី​ក្មេងនោះ​យក​ត្រាប់​តាម​សកម្មភាព​ក្នុង​ខ្សែ​ភាព​យន្ត​ក៏​ថា​បាន។ ចំនែក​ឯ​អស់​លោក​អង្គរក្ស​ទាំង​នោះ​វិញ អ្នក​ទទួល​ខុស​ត្រូវ​ដំបូង​ហើយ​ជិត​គេ​បំផុត​គឺ​ម្ចាស់​ដែល​គេ​កំពុង​ការ​ពារ​នោះ​ឯង។ តើ​​គេ​នឹង​វាយ​តំលៃ​​ថា​ឪពុក​ម្ដាយ​អន់​យ៉ាង​ណា​ កូនចៅ​មិន​ចេះ​យក​សុជីវធម៌​ដាក់​ខ្លួន​បន្តិច​ណា​សោះ?

ខណ្ឌ (។) ចប់

Leave a Reply