CAMBOSIX ក្លាយជារឿងព្រេងខ្មែរឆ្នាំ ២០០៩
នៅពេលមានជំលោះ… គេក៏ទៅប្ដឹងចៅក្រម….
តែចៅក្រមមិនអាចសំរេចសេចក្ដីបាន…..
គេក៏ទៅប្ដឹងដល់មហាក្សត្រ…
ព្រះមហាក្សត្រក៏ដោះស្រាយឱយកូនក្ដីពេញចិត្តគ្រប់ៗគ្នា។
ក្នុងរឿងព្រេងកាលពីសម័យមុន គេលើកសរសើរអ្នកមានអំនាចឱយប្រសើរដល់កំពូលស្មើនឹងអាទិទេព ឬ ក៏ហៅថា ស្ដេចផែនដី ទោះបីអ្នកនោះស៊ីបាយមួយថ្ងៃបីពេល ឬ ជុះអាចម៍ស្អុយដូចជាមនុស្សធម្មតាក៏ដោយ រហូតទាល់តែសប្បាយភ្លេចខ្លួន ភ្លេចរាស្ត្រភ្លេច បងភ្លេចប្អូន ឱយតែបានអញធ្វើធំ នរណាស្លាប់ នរណារស់ក៏បណ្ដោយទៅតាមព្រហ្មលិខិតទៅចុះ។
ក្នុងដំនើរការគ្រប់គ្រងប្រទេស យើងមានច្បាប់ទំលាប់ត្រឹមត្រូវក្នុងក្រដាសរួចជាច្រើនអស់ទៅហើយ តែទាស់ត្រង់ថាអ្នកកាន់ច្បាប់ទាំងនោះមិនព្រមគោរពច្បាប់។ បើយើងឃើញថា ការបើកល្បែងស៊ីសងភ្នាល់បាល់បែបនេះបង្ករអសន្តិសុខដល់ប្រទេសជាតិ ហេតុអ្វីចាំគេបង្ករបញ្ហាហើយទើបបង្ក្រាបជាក្រោយ? តើអ្នកណាជាអ្នកអនុញ្ញាតិឱយមានអាជីវកម្មនេះកើតឡើង? ហើយអ្នកណាជាអ្នកសំរេចថាអាជីវកម្មប្រភេទនេះជះផលអាក្រក់ និង ល្អប៉ុណ្ណា ដល់ប្រជាជនខ្មែរ។ បើគេមិនបានអនុញ្ញាតិពីដំបូងនោះគឺចប់បាត់ទៅហើយ។
នៅពេលដែល មុខរបរនេះកាក់កប ចោរកម្មបានកើតមានឡើងជាបន្តបន្ទាប់។ នៅពេលបិទអាជីវកម្មយ៉ាងទាន់ហន់តែក្នុងមួយយប់បែបនេះ បុគ្គលិកជាច្រើនត្រូវអត់ការធ្វើ អ្នកចង់មកវិនិយោគនៅស្រុកខ្មែរក៏មានការរារែកដាក់ទុនក្នុងប្រទេសដែលសំរេចចិត្តងាយបែបនេះដែរ។ ការលុបបំបាត់អសន្តិសុខដោយការបិទអាជីវកម្មល្បែងស៊ីសងទាំងស្រុងនេះ ពិតជាត្រឹមត្រូវ តែគួរឱយស្ដាយ មិត្តភ័ក្តិ និស្សិត មិនតិចទេដែលរកបានការងារក្រៅម៉ោងចិញ្ចឹមក្រពះដោយសារតែក្រុមហ៊ុននេះដែរ។
សំរាប់ពេលក្រោយ យើងគ្រាន់តែចង់បានដំនោះស្រាយណាមួយដែលសមស្របមិនក្រឡាប់ចាក់ ១៨១ដឺក្រេ បែបនេះទេ នៅពេលដែលរដ្ឋាភិបាលបិទអាជីវកម្មមួយ គេគួរតែរកការងារណាមួយផ្សេងទៀតឱយពួកគេ ទើបមិនមានប្រតិកម្មពីមហាជន។ ឧទាហរណ៍ជាក់ស្ដែង ការបិទអាជីវកម្មរកស៊ីផ្លូវភេទ បើកខារ៉ាអូខេ និង រោងចក្រកាត់ដេរ, បិទទ្វារព្រំដែន រួចបង្កើតផលិតផលក្នុងស្រុក, ដូច្នោះទើបយើងមានតុល្យភាព។ ស្របនឹងពេលពិភពលោកកំពុងមានវិបត្តិហិរញ្ញវត្ថុបែបនេះផង តើឱយបុគ្គលិក CamboSix និង កាស៊ីណូ ទៅរកការងារបាននៅឯណាទៅ?
ដោយសាររដ្ឋាភិបាលកម្ពុជាមានរចនាសំព័ន្ធត្រឹមត្រូវ ក្រសួងមន្ទីរនីមួយ គួរដឹងហើយថាខ្លួនមាននាទីអ្វីខ្លះ គួរធ្វើអ្វីខ្លះ បើការងារណាដែលធំដុំទើបគួរចាត់ចែងស្នើយោបល់ពីសភាឬនាយករដ្ឋមន្ត្រីទៀត។ បើត្រឹមតែបិទកន្លែងប្រជល់មាន់ ផាកពិន័យចរាចរ បុគ្គលិកមន្ទីរនៅចាំតែនាយករដ្ឋមន្ត្រីជួយប្រកាសដែរ នោះមិនបានន័យថានាយករដ្ឋមន្ត្រីកំពុងតែជ្រៀតជ្រែកការងារខ្លួនហើយឬ? ឬក៏បុគ្គលិកក្រសួងមន្ទីរសព្វថ្ងៃមិនមានការងារអ្វីធ្វើក្រៅពីប្រថាប់ត្រា និង អានកាសែតពត៌មានពេលព្រឹក? កាកអំពៅគ្រាន់តែដឹងថាការគ្រប់គ្រងបែបវិមជ្ឈការ (décentralisation?) មិនចាំបាច់រង់ចាំការសំរេចចិត្តពីថ្នាក់លើទេចំពោះការងារណាដែលនៅក្នុងបន្ទុករបស់ខ្លួន តែមន្ត្រីនោះត្រូវមានការទទួលខុសត្រូវចំពោះការសំរេចចិត្តរបស់ខ្លួន។
(ខ្ញុំគិតពីមុនថាត្រូវជៀសឱយឆ្ងាយពីនយោបាយឱយបាន តែនយោបាយចេះតែសរសៀរមកជិត តែប្រហែលជាអ្នកអានមិនយល់ច្រលំថាខ្ញុំជាមនុស្សឆ្វេងនិយមជ្រុលទេ ដោយសារតែខ្ញុំក៏បានលើកគំនិតកែលំអស្ថានភាពបច្ចុប្បន្នមួយជំនួនដែរ។)