តើ​គួរ​ពិពណ៌នា​សំរស់​នារី​បែបណា​ ទើប​សម​នឹង​រូប​សម្បត្តិ​របស់​គេ?

កាល​ម្សិល​មិញ ម៉ោង​នេះ នៅ​ក្នុង Internet Cafe មាន​នារី​ម្នាក់​ដែល​មាន​រូបសម្ផស្ស​ល្អ​​ជា​ទី​គយ​គន់ អាច​ចាត់​ទុក​ថា​កំរ​រក​ឃើញ​ស្រី​ដែល​មាន​សំរស់​ធម្មជាតិ​បែប​នេះ​នៅ​តាម​ដង​ផ្លូវ​ណាស់។ គេ​ថា​មាន​អ្នក​ល្អ​ឆើត និង អ្នក​ល្អ​គន់។ ដោយ​ឡែក​ខ្ញុំ​កំរ​មើល​ឃើញ​នារី​ណា​ដែល​ហៅ​ថា​ស្អាត​ចំពោះ​ភ្នែក​ទាំង​គូ​​​នេះ​ណាស់។ កាល​ណា​បើ​ឃើញ​យល់​ថា​ស្អាត​ហើយ ខ្ញុំ​បាន​ត្រឹម​តែ​សរសើរ ថា​បើ​កូន​ស្អាត​បែប​នេះ​ហើយ តើ​ជីដូន​ស្អាត​បែប​ណា​ទៅ? ឬ​ក៏​លួច​សួរ​ខ្លួន​ឯង​ថា បើ​ស្រី​ស្អាត​ម្នាក់​នោះ​កោរ​សក់ ដក​ធ្មេញ និង យំ​ស្រែក​ចំពោះ​មុខ​ខ្ញុំ តើ​គេ​នៅ​ស្អាត​ដែរ​ឬ​ទេ? ប្រហែល​​ការ​ស្រមើ​ស្រមៃ​បែប​នេះ​គ្រាន់​តែ​ជា​អនត្តា​តែ​ប៉ុណ្ណោះ តែ​ខ្ញុំ​មិន​ទាន់​ចង់​បាន​សម្បត្តិ​ទេវតា ឬ សម្បត្តិ​និព្វាន​អ្វី​ទេ សុំ​ត្រឹម​តែ​សម្បត្តិ​មនុស្ស​លោក រស់​សំរាប់​ថ្ងៃ​ស្អែក​ប្រហែល​ជា​គ្រប់​គ្រាន់​ហើយ។

នាង​ម្នាក់​នោះ (ពាក្យ «នាង» នេះ​ប្រហែល​ជា​គ្រោត​គ្រាត​បន្តិច​សំរាប់​អ្នក​អាន​ខ្លះ) មាន​សំបុរ​ស​​ប្រហែល​ជា​កូន​កាត់​ចិន​ផង​មិន​ដឹង មុខ​មិន​មូល​ក្រឡង់​ដូចព្រះ​ចន្ទ្រ​ទេ ព្រោះ​មុខ​មូល​ដូច​រង្វង់​មិន​សម​ជា​រូប​មនុស្ស​ទេ គឺ​រាង​ទ្រវែង​តាម​សមាមាត្រ ៣/៤ ល្មម​ហៅ​ថា​មនុស្ស​ម្នា​នឹង​គេ។ ដោយ​បាំង​នឹង​ជញ្ជាំង​កុំព្យូទ័រ​ផង បាំង​នឹង​អេក្រង់​កុំព្យូទ័រ​របស់​នាង​ផង ខ្ញុំ​អាច​លួច​មើល​ឃើញ​ត្រឹម​តែ​ពាក់​កណ្ដាល​ផ្ទៃ​មុខ​ខាង​ស្ដាំ​របស់​នាង​តែ​ប៉ុណ្ណោះ។ សក់​វែង​មិន​ប្រះ​ស្មា​ទេ គឺ​វែង​ជាង​បន្តិច​រហូត​ដល់​កំពស់​ក្លៀក (គ្រោត​គ្រាត​ទៀត​ហើយ​ខ្ញុំ តើ​គួរ​ប្រើ​ពាក្យ​អ្វី​ឱយ​ល្អ?) ស្រឡូន​ ពណ៌​ខ្មៅ​ក្រិប បញ្ជាក់​ថា​នាង​ក៏​ជា​មនុស្ស​ម៉ត់​ចត់​ក្នុង​ការ​ថែ​ទាំ​ខ្លួន​ប្រាណ​​មិន​ធម្ម​តា​ដែរ។ ចិញ្ចើម​ក៏​មិន​កោង​ខ្វង់​ដូច​ឥន្ធនូ​ដែរ​ (អាក្រក់​មើល​ណាស់) តែ​រាង​កោង​ទ្រវែង​លើក​កន្ទុយ​បន្តិច ដែល​ធ្វើ​ឱយ​បុរស​នានា​ឈ្លក់​វង្វេង​មិន​ស្ទើរ​ទេ​ដោយ​សារ​កន្ទុយ​ចិញ្ចើម​​នោះ។ កែវ​ភ្នែក​​ភ្លឺ​ថ្លា​សំលឹង​ទៅ​កាន់​កញ្ចក់​កុំព្យូទ័រ​ជានិច្ច បញ្ជាក់​ថា​នាង​នឹង​ពាក់​វ៉ែន​តា​ម៉្ញូប​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ។ យូរៗ​ម្ដង នាង​សំលឹង​មក​ខ្ញុំ​ដោយ​ភាព​គ្នាន់​ក្នាញ់ ដោយ​សារ​តែ​ខ្ញុំ​ម្ដង​ញញឹម​ដាក់​កញ្ចក់​កុំព្យូទ័រ ​ម្ដង​លប​មើល​​មុខ​នាង​យ៉ាង​រប៉ិល​រប៉ូច។ សំនាង​ដែរ នាង​មិន​ថ្លើម​ធំ​ឈរ​ច្រត់​ចង្កេះ​បញ្ចោរ​ខ្ញុំ​កណ្ដាល​ចំនោម។ ឬក៏​នាង​សប្បាយ​ចិត្ត​នឹងមាន​គេ​លប​មើល​បែប​នេះ? ឬ​ក៏​នាង​គិត​ថា​ខ្ញុំ​មាន​បំនង​បន្តិច​បន្តួច​អ្វី​ខ្លះ​លើ​រូប​នាង? ពុទ្ធោ! ខ្ញុំ​អត់​ហ៊ាន​ទេ ធ្វើ​ជា​អ្នក​និពន្ធ​ប្រើ​ប៉ាក​កា​ជជុះ​បាន​ត្រឹម​តែ​លែប​ខាយ​​ជា​ឃ្លា​ប្រយោគ​តែ​ប៉ុណ្ណោះ សូម​នាង​អហោសិកម្ម​ឱយ​ខ្ញុំ​ផង។ បន្ទាប់​មក​ទៀត ខ្ញុំ​មិន​ដឹង​ថា ត្រូវ​ពិពណ៌នា​ច្រមុះ​នាង​បែប​ណា​នោះ​ទេ ព្រោះ​ច្រមុះ​មាន​រន្ធ ២ ដូច​តែ​យើង​ទាំង​អស់​គ្នា។ បបូរ​មាត់​ទៀត​សោត មិន​ស្ដើង​ពេក​ មិន​ក្រាស់​ពេក តែ​មិន​មែន​មាន​ន័យ​ថា​នាង​គ្មាន​បបូរ​មាត់​នោះ​ទេ គឺ​បបូរ​មាត់​សម​នឹង​ទំរង់​មុខ​ ទំរង់​ច្រមុះ ហើយ​ប្រហែល​ជា​សម​នឹង​ឈ្មោះ​ទៀត​ផង​ក៏​មិន​ដឹង។ គួរ​ឱយ​ស្ដាយ​នាង​មាន​មាឌ​ធំ​ដំបង ប្រហែល​ជា​ខ្ពស់​ជា​ខ្ញុំ ១ សង់​ទីម៉ែត​ផង​ក៏​មិន​ដឹង។ ថ្វី​បើ​អាយុ​នាង​ប្រហែល​ជា​ស្របាល​នឹង​ខ្ញុំ​ក៏​ដោយ​ក៏​ប្រហែល​ជា​ខ្ញុំ​មិន​មាន​សំនាង​​អែប​ស្ដាំ​​សារសង​ ទាក់​ទង​នឹង​នាង​ទេ ត្បិត​អី​រូប​ខ្ញុំ​អាក្រក់​ខុស​គេ ខុស​ឯង មុខ​ចាស់​ជាង​អាយុ ដូច្នោះ​បើ​មើល​ពី​សំបក​ក្រៅ​អ្នក​ដែល​មាន​រូបរាង​ចំនាស់​ខ្ញុំ​នេះ​សុទ្ធ​តែ​អាយុ​បង​ខ្ញុំ​ទាំង​អស់​ភាគ​ច្រើន។ — ចប់​ការ​ពិពណ៌នា​ត្រឹម​ប៉ុណ្ណេះ –

លំអ​នារី​ពិត​ជា​ស្មុគ​ស្មាញ​​ខ្លាំង​ណាស់​សំរាប់​ពិពណ៌នា​ឱយ​សព្វ​ជ្រុង​ជ្រោយ ថ្វី​បើ​ឥន្ទ្រីយារម្មណ៍​ខ្ញុំ​មាន​តែ ៦ (៧, ៨ ទៀត​ក៏​មិន​ទាន់​អស្ចារ្យ បើ​អ្នក​មិន​ទាន់​បាន​កាន់​ប៉ាកកា សរសេរ​អត្ថបទ​មួយ​ដែល​បញ្ជាក់​ពី​អារម្មណ៍​ពិត​របស់​អ្នក ដែល​ផ្ទុយ​ពី​ការ​ពិពណ៌នា​តែង​សេចក្ដី​នៅ​ក្នុង​សាលា​រៀន …)។ មនុស្ស​ផ្សេង​គ្នា ប្រាកដ​ជា​មាន​ចំនាប់​អារម្មណ៍​ផ្សេង​គ្នា អ្នក​ខ្លះ​ចូល​ចិត្ត​ទំរង់​មុខ ខ្លះ​ទៀត​ចូល​ចិត្ត​ដៃ​ជើង ខ្លះៗ និង ខ្លះៗ ចូលចិត្ត​ដង​ខ្លួន (អាសអាភាស​ទៀត​ហើយ​ខ្ញុំ) ធ្វើ​ឱយ​ការ​ពិពណ៌នា​នីមួយៗ​ហាក់​មិន​មែន​បង្ហាញ​ពី​មនុស្ស​តែ​មួយ។

ត្បិត​តែ​យើង​មិន​អាច​បក​ស្រាយ​ឱយ​បាន​ក្បោះ​ក្បាយ​អំពី​រូប​ភាព​ខាង​ក្រៅ​របស់នារី​ម្នាក់​នោះ​ តែ​រូបភាព​របស់​នាង ពិបាក​នឹង​ឃ្លាត​ឆ្ងាយ​ពី​អារម្មណ៍​របស់​យើង​ណាស់ ជួន​កាល​ឈាន​ដល់​សុបិន្ត​ឃើញ​ទាំង​យប់​ទាំង​ថ្ងៃ​ទៀត​ផង (ត្រង់​ចំនុច​នេះ ហាក់​ដូច​ជា​មិន​ដែល​កើត​មាន​លើ​រូប​ខ្ញុំ​សោះ)។ តែ​អ្នក​អាន​ទាំង​ស្រី​ទាំង​ប្រុស​ទាំង​អស់​គ្នា គួរ​​ចង​ចាំ​ថា​ការ​វាយ​តំលៃ​មនុស្ស​តែ​សំបក​ក្រៅ គឺ​ជា​ជំហាន​ទី​មួយ​តែ​ប៉ុណ្ណោះ ជួន​កាល​យើង​វាយ​តំលៃ​គេ​ទាំង​ល្ងិត​ល្ងង់​ដោយ​មិន​បាន​ពិចារណា​ឱយ​សព្វ​ជ្រុង​ជ្រោយ។ ដើម្បី​យល់​ច្បាស់​ពី​នរណា​ម្នាក់ យើង​ត្រូវ​ចូល​ឱយ​បាន​ជិត​បំផុត ប្រាស្រ័យ​ទាក់​ទង​គ្នា ស្វែង​យល់​អត្ត​ចរិត និង អាកប្បកិរិយា​ជា​រៀង​រាល់​វិនាទី។ នោះ​យើង​នឹង​បាន​ដឹង​ថា​គេ​មិន​អាច​យក​រូប​រាង​​មក​បាំង​បិទ​អត្តចរិត និង ទំលាប់​​ពី​កំនើត​​របស់​គេ​បាន​ទេ។ ជា​ជំនួយ​ក្នុង​ការ​វាយ​តំលៃ​មនុស្ស សូម​កុំ​វាយ​តំលៃ​មនុស្ស​ចំពោះមុខ​ជា​ដាច់​ខាត ព្រោះ​មនុស្ស​ភាគ​ច្រើន​មិន​មាន​អារម្មណ៍​ល្អ​​ស្ដាប់​គេ​វាយ​តំលៃ​ខ្លួន​នោះ ​ទេ លើក​លែង​តែ​គេ​អនុញ្ញាតិ​ឱយ​យើង​វាយ​តំលៃ​គេ​ដោយ​ស្ម័គ​ចិត្ត ហើយ​មាន​ន័យ​ថា​គេ​ពិត​ជា​អនុញ្ញាតិ​មែន។ ការ​អាន​រឿង​ប្រលោម​លោក សៀវភៅ​ទស្សនវិជ្ជា ​សង្គម​វិទ្យា ឬ ចិត្ត​វិទ្យា ជា​ជំនួយ​យ៉ាង​​ក្នុង​ការ​ស្វែង​យល់​អត្ត​ចរិត​មនុស្ស​ឱយ​បាន​ឆាប់​រហ័ស ជា​ង​ការ​ស្វែង​រក​បទពិសោធន៍​ក្នុង​សង្គម​ពិត​ប្រាកដ​ដោយ​ផ្ទាល់​ខ្លួន។

(សំរាប់​ខ្ញុំ មនុស្ស​ដែល​មាន​រោម​ភ្នែក​វែង ជា​ចំនុច​ទាក់​ទាញ​យ៉ាង​ខ្លាំង​ក្លា។ នរណា​មិន​លង់​ស្រី​រោម​ភ្នែក​វែង! :) )

Leave a Reply