ល្បុកតោមួយទៀតក្នុងរឿង ហនុមាន

ហនុមាន
រឿង «ហនុមាន» (Ong Bak 2) សំដែងដោយ Tony Jaa នឹងចាប់បញ្ចាំងនៅថ្ងៃសៅរ៍ទី ២១ កុម្ភៈ ២០០៩ នេះហើយ។ តាមរយៈពីររឿងមុន (Ong Bak និង The protector) យើងឃើញថាតួនេះពូកែសំដែងសមត្ថភាពក្នុងសិល្បៈការពារខ្លួនបានល្អណាស់ ថែមទាំងលើកមុខមាត់ឱយប្រទេសថៃ ឱយបរទេសយល់ថា Muay Thai ពិតជាមិនធម្មតា។ យើងជាខ្មែរបានត្រឹមតែឈរមើល ហើយសរសើរថាគេពូកែសំដែង ទោះបីជាយើងជាម្ចាស់ដើមនៃក្បាច់គុននោះក៏ដោយ។
នៅពេលយើងឃើញគេសំដែងបានល្អ ខ្ញុំក៏អត់ទ្រាំមិនសរសើរមិនបានដែរ។ តែនៅពេលដែលនឹកឃើញដល់ស្នាដៃថៃមើលងាយខ្មែរ លួចបន្លំខ្មែរ ខ្ញុំចង់តែបំផ្លាញឱយខ្ទេចកុំឱយមានថៃនៅលើផែនដីទៀត។ កាលពីគេផ្សាយពាណិជ្ជកម្មរឿងដំបូងរបស់គេយើងឃើញគេនិយាយភាសាខ្មែរបានប៉ៃឡាំ (ពាក្យនេះមកពីណាដែរ?) ថាផ្សព្វផ្សាយក្បាច់គុណល្បុកតោខ្មែរយើងពីផ្នែកខ្មែរសុរិន្ទ។ លុះដល់បានល្បីល្បាញ គ្មានឮនរណានិយាយអ្វីពីខ្មែរបន្តិចឡើយ មានតែគេសរសើរ Muay Thai។ អ្នកតាមដានរឿងវាយតប់ដូចខ្ញុំវិញ ខំមើលហើយ មើលទៀត មិនតិចជាង ដប់ដងទេ ទាល់តែដឹងសាច់រឿងទាំងអស់ ដឹងចលនាគេផ្លាស់ទីដូចម្ដេច ទើបដឹងថារឿងល្អមើលក៏មិនអាចល្អមើលបានស្ថិតស្ថេរដែរ។ សរុបមក ក្នុងពីររឿងនេះ អាចឱយយើងមើលបានច្បាស់ពីកាយវិការប្រយុទ្ធរបស់តួអង្គនេះបានគ្រប់គ្រាន់ហើយ។
ដំនើររឿងទើបជាខ្លឹមសារសំខាន់ធ្វើឱយអ្នកអានជក់ចិត្ត។ រឿង Ong Bak និយាយពីការបំផ្លាញបេតិកភណ្ឌជាតិរបស់ឈ្មួញទុច្ចរិត។ រឿង The protector បង្ហាញពីការជួញដូរសត្វព្រៃខុសច្បាប់ថែមទៀត។ សកម្មភាពប្រយុទ្ធនិងដំនើររឿងពិតជាធ្វើឱយអ្នកទស្សនាជក់ចិត្តមែន ឯគំនិតបង្កប់ទៀតសោត (សំរាប់រូបខ្ញុំផ្ទាល់) ក៏បានបង្ហាញដោយប្រយោលអំពីចិត្តគំនិតរបស់ប្រទេសថៃមកលើកម្ពុជាផងដែរ។ យើងអាចប្រដូចរឿងនេះទៅនឹងរឿងរាមកេរ្តិ៍ខ្មែរ រឿងធនញ្ជ័យ រឿងមាយើង ដែលបន្ទាបសមត្ថភាពអ្នកទន់ខ្សោយ ហើយបញ្ជោរអ្នកមានអំនាចដែលល្ងង់ខ្លៅថាមានបញ្ញាញាណ ទុកឱយអ្នកចេះវិភាគដឹងរាក់ជ្រៅជំនាន់ក្រោយសិក្សារកឃើញពីគំនិតបង្កប់ក្នុងអក្សរសិល្ប៍ ក៏ដូចជាសិល្បៈភាពយន្តដូច្នោះដែរ។
ខ្ញុំមិនហ៊ានចងកំហឹងនឹងការសំដែងក្នុងភាពយន្តទេ ព្រោះយើងធ្វើមិនបានដូចគេ។ Tony Jaa ធ្លាប់ចូលហ្វឹកហាត់ក្នុងសាលាកាយសំព័ន្ធ ចេះចលនាហក់លោតផ្សេងៗដែលមនុស្សធម្មតាមិនអាចធ្វើបាន គេចេះអៃគីដូសំរាប់ចាប់ក្រៀកគូប្រយុទ្ធធំៗជាងខ្លួនឱយចុះញ៉ម គេចេះ Capoeira ហក់លោតដូចស្វាក្នុងរបាំប្រេស៊ីល ចេះទាំងក្បាច់ល្បុកតោពីគ្រូចាស់ៗនៅសុរិន្ទ គួបផ្សំមនុស្សមានរាងរៅរួសល្អទៀតការសំដែងមានលក្ខណៈដូចការពិត។ «ក្របីលាក់កូន» ជារឿងដែលខ្ញុំចង់សាកល្បងមើលថាអ្នកដឹកនាំរឿងយើងមានសមត្ថភាពល្អប៉ុណ្ណា។ ផ្ទុយទៅវិញគេបែជាជ្រើសរើសយកលោក អេ ភូថង អ្នកប្រដាល់អាជីពមកសំដែងរឿងទៅវិញ តាមយោបល់ខ្ញុំអ្នកប្រដាល់អាជីពប្រយុទ្ធខុសពីអ្នកសំដែង (stunt) គឺគេលៃយ៉ាងណាចំគោលដៃពេញកំលាំង ដល់ពេលត្រូវមកសំដែងសកម្មភាពទ្រឹងៗមើលមិនយល់។ ក្បាច់ប្រយុទ្ធនីមួយៗក៏កាន់តែធ្វើឱយខ្ញុំព្រឺរោមអៀនខ្មាសជំនួសព្រោះសុទ្ធតែជាក្បាច់ដែលគេបង្ហាញរួចមកហើយ។
បើយើងចង់បង្ហាញពិភពលោកថាយើងក៏មានដែរ យើងត្រូវតែចេះច្បាស់ជាងគេ ខ្លាំងជាងគេ ទើបគេជឿ។ តែយើងគ្មានមូលហេតុអ្វីដែលត្រូវទៅបង្ហាញពិភពលោកទេ ព្រោះប្រជាជនក្នុងស្រុកមិនទាន់បានជ្រួតជ្រាបអស់ផង អ្នកហាត់រៀនក៏តិចតួចណាស់ មិនដើម្បីសុខភាព ក៏ដើម្បីអួតគេថាឯងចេះល្បុកតោដែរ ឯទស្សនវិជ្ជា (philosophy) នៃក្បាច់គុននេះ យើងមិនដឹងថាត្រូវទៅរកឯកសារជាអក្សរនៅទីណាបានទេ។ មកទល់សព្វថ្ងៃនេះខ្ញុំគ្រាន់តែដឹងថាមានសាលាបង្ហាត់ល្បុកតោ ខ្ញុំចង់ទៅសាកមើលនឹងគេដែរ បើមានអ្នកណាដឹងថានៅទីណា សូមជួយប្រាប់ខ្ញុំផង។ បើអាចធ្វើទៅបាន ខ្ញុំចង់ហាត់ទាំងការប្រយុទ្ធ ទាំងផ្លូវចិត្ត និងកត់ត្រាទុកជាឯកសារផង ព្រោះគ្រូៗសល់ពីជំនាន់ប៉ុលពតកាន់តែខ្សោះអស់ទៅហើយ។ ទៅមុខយ៉ាងយូរ ៥០ឆ្នាំទៀត យើងនឹងអស់គ្រូចាស់ហើយ ទោះបីជាគាត់មិនលាក់ចំនេះ ក៏ការបង្រៀនតៗគ្នាផ្ទាល់មាត់ក៏មិនអាចផ្ទេរចំនេះដឹងបានទាំងស្រុងពីជំនាន់មួយទៅជំនាន់មួយដែរ។
សួស្ដី កាកអំពៅ!តើអ្នកបានស្គាល់ទីតាំងហាត់រៀនល្បុកតោហើយរឺនៅ?
ខ្ញុំស្គាល់កន្លែងមួយដែរនៅម្ដុំផ្សារអូរឫស្សី ហើយខ្ញុំទើបតែចាប់ផ្ដើមរៀនទេ។សូមអរគុណ!
ជួយប្រាប់ផង តើនៅទីណាដែរ? ម៉ោងអាចហាត់បាន? តំលៃ? អំពី គ្រូ? អំពី សិស្ស? ឬ ក៏ចំនេះដឹងផ្សេងៗដែលម៉នចេះពីការហាត់រៀននោះ។
តែខ្ញុំមិនអាចទៅហាត់បានទេ ជាប់រវល់ទាត់បាល់រាល់ល្ងាចតែម្ដងហើយ។