23 តុលា

ជា​រៀង​រាល់​ឆ្នាំ ថ្ងៃ​ ២៣ តុលា ជា​ថ្ងៃ​ឈប់​សំរាក គ្រប់​ស្ថាប័ន​មន្ទី ព្រោះ​ជា​ទិវា​រំលឹក​ខួប​កិច្ច​ព្រម​ព្រៀង​សន្តិភាព​កម្ពុជា​នៅ​ទី​ក្រុង​ប៉ារីស ២៣ តុលា ១៩៩១។ គ្រប់​សិស្សានុសិស្ស​ទាំង​អស់​ត្រូវ​តែ​ចេះ​ចាំ​គ្រប់​ៗ​ក្នុង​មេរៀន​ប្រវត្តិសាស្ត្រ។​ បើ​ដល់​ថ្ងៃ​ត្រូវ​ឈប់​ហើយ តើ​មាន​នរណា​មិន​ចង់​ឈប់? តែ​គួរ​ឱយ​ចំលែក​អស្ចារ្យ ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​បែប​នេះ បែ​រ​ជា​យើង​មិន​បាន​ឈប់​ទៅ​វិញ។

បើ​យើង​សាក​ល្បង​រាប់​ថ្ងៃ​ឈប់​សំរាក​ក្នុង​មួយឆ្នាំៗ​ ស្រុក​ខ្មែរ​ឈប់​ប្រហែល​ជា​មួយ​ខែ រាប់​ទាំង​បុណ្យ​ជាតិ បុណ្យ​អន្តរជាតិ បុណ្យ​ប្រពៃណី បុណ្យ​សាសនា​ផង​នោះ។ ជួន​កាល​ការ​ឈប់​សំរាក​បន្ត​បន្ទាប់​គ្នា​នោះ ធ្វើ​​ឱយ​ការ​ងារ​កាន់​តែ​ស្ទះ​ជា​ញឹក​ញាប់ ជា​ពិសេស​ក្នុង​ត្រី​មាស​ទី​បួន ចាប់​ពី​បុណ្យ​ភ្ជុំ​មក​រហួត​ដល់​ចូល​ឆ្នាំ​សកល។​ បូក​ថែម បុណ្យ​ដាក់​បិណ្ឌ​ និង កឋិន​ទាន​ក្រោយ​ចេញ​វស្សា​នោះ​ទៀត យើង​កាន់​តែ​មមារញឹក​អស្ចារ្យ​ទាំង​ផ្លូវ​លោក​និង​ផ្លូវ​ធម៌។ លុះ ដល់​បិទ​បញ្ជី​ប្រចាំ​ឆ្នាំ​ទើប​យើង​ដឹង​ថា វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​បាន​រំកិល​ខ្លួន​ចូល​មក​គោះ​ដល់​ទ្វារ​បន្ទប់​ទឹក​យើង​ហើយ។

ចង់​មិន​ចង់​ យើង​ត្រូវ​តែ​ធ្វើ​ការ។ តែ​យើង​មិន​គួរ​ភ្លេច​ថា ព្រឹត្ត​ការណ៍​ប្រវត្តិសាស្ត្រ​សំខាន់ៗ​ក្នុង​ទឹក​ដី​កំនើត​របស់​ខ្លួន​មាន​​អ្វី​ខ្លះ​ដែរ។ យ៉ាង​ហោច​ណាស់​​យើង​ត្រូវ​ដឹង​ថា​ឪពុក​ម្ដាយ​យើង​បង្កើត​យើង​មក​ថ្ងៃ​ខែ​ឆ្នាំ​ណា​ដែរ

Leave a Reply