លំហាត់ប្រាណនៅស្តាតអូឡាំពិច
ជារៀងរាល់ថ្ងៃ ខ្មែរនិងបរទេសមិនតិចទេដែលមកណាត់ជួបគ្នានៅក្នុងទីលានស្តាតអូឡាំពិច ដើម្បីទាំងហាត់ប្រាណផង ឬក៏មកមើលអ្នកហាត់ប្រាណផង (ក្នុងនោះប្រហែលជាមានខ្ញុំដែរក៏មិនដឹង)។ នៅពេលដែលយើងចាប់ផ្ដើមដាក់បាល់ទាត់លើទីធ្លាកំរាលស៊ីម៉ង់ដែលមិនមែនជាទីធ្លាសំរាប់លេងបាល់ផងនោះ យើងតែងតែសួរគ្នាទៅវិញទៅមកថា «តើយើងលេងដើម្បីជីវភាព ឬ ដើម្បីសុខភាព?» ទោះបីជាម្នាក់ៗបានដឹងចំលើយរួចស្រេចទៅហើយនោះ។ ទាំងនេះជាទិដ្ឋភាពមួយផ្នែកតូចដែលខ្ញុំបានមើលឃើញ ឯរូបភាពធំដុំជុំវិញកីឡាដ្ឋាននេះវិញ ខ្ញុំក៏មិនហ៊ានសន្មតថាយ៉ាងណាដែរ ត្បិតខ្ញុំមានភ្នែកតែពីរប៉ុណ្ណោះ។
រូបភាពដំបូងដែលខ្ញុំភ្ញាក់ផ្អើលនោះ គឺដីស្តាតដ៏ធំល្វឹងល្វើយត្រូវបានកាត់ពីលិច ពីកើត ពីជើង ពីត្បូង យ៉ាងច្រើនគួរសមល្មមធ្វើសេដ្ឋីនៅស្រុកខ្មែរបានដែរ ឯអ្នកមកហាត់ប្រាណត្រូវប្រជ្រៀតគ្នានៅក្នុងស្តាតរាប់រយនាក់។ គ្រាន់បើដែរដែលគេកាត់ដីស្តាតលក់ធ្វើអ្នកមាន នេះបើទៅថ្ងៃមុខគេកាត់ដីសាលារៀន ដីវត្តអារាមធ្វើជាផ្ទះល្វែងដោយលើកមូលហេតុថាជាការអភិវឌ្ឍតំបន់សេដ្ឋកិច្ចនោះ កូនចៅយើងប្រហែលជាអស់សាលារៀនសូត្រ អស់ទីសំនាក់សំរាប់ព្រះសង្ឃនិងគោរពបូជាព្រះពុទ្ធសាសនាហើយ។ សំរាប់អ្នកទាំងនោះប្រហែលជាគ្មានបញ្ហាទេ ព្រោះគេបញ្ជូនកូនចៅគេរៀនសុទ្ធតែនៅសាលាឯកជនថ្លៃៗ ប្រកបដោយគ្រូល្អៗ លុះចប់ ឬ ក៏មិនទាន់ចប់ផង គេបញ្ជូនទៅរៀននៅបរទេសថែមទៀតទោះជាតំលៃសិក្សាខ្ពស់យ៉ាងណាក៏មិនមានបញ្ហាប៉ុនក្រចកដៃគេដែរ ព្រោះគេយល់ថាសាលាស្រុកខ្មែរវាមិនខ្មោច កូនចៅគេរៀនចប់ក្នុងប្រទេសកសិកម្មបានត្រឹមតែតែកាប់គាស់ដីបែកក្រហែងតែប៉ុណ្ណោះ។ នេះជាការយល់ខុសមួយយ៉ាងធ្ងន់ដែលអ្នកទាំងអស់គ្នាគួរក្រើនរំលឹកខ្លួនឡើងវិញ។ បើទោះជាមេអំបៅពណ៌ល្អស្រស់ស្អាតយ៉ាងណា វាមិនអាចរំលងជីវិតរស់នៅជាសត្វដង្កូវបានឡើយ។
បើយើងចូលទៅហាត់ប្រាណនៅក្នុងស្តាតរាល់ថ្ងៃ យើងត្រូវត្រៀមប្រាក់ទុកបង់ឱយគេបើមិនផ្ញើកង់ម៉ូតូនៅកន្លែងផ្ញើ ក៏ត្រូវសែនឱយឆ្មាំយាមទ្វារម្ដង ១០០០រៀលដែរ។ ទំនងដែរ !… ចុះស្តាតហ្នឹងជាកម្មសិទ្ធិរបស់លោក ឬ លោកស្រីមួយណា? គាត់សង់ស្តាតហ្នឹងពីអង្កាល់? បានជាឱយប្រជាជនបង់ថ្លៃចូលហាត់ប្រាណដែរនោះ។ បើតាមផ្សារទំនើប ភោជនីយដ្ឋាន បណ្ណាគាផ្សេងៗ គេមានតែលើកទឹកចិត្តឱយចូលកន្លែងគេទៀតផង ដោយមិនបាច់បង់ប្រាក់ចំនតឬយកថ្លៃតិចតួចប៉ុណ្ណោះ លុះអតិថិជនឃើញថាសេវាកម្មគេល្អ គេក៏ផ្ដល់កំរៃក្រៅដោយសមានចិត្តតែប៉ុណ្ណោះ។ ឯស្តាតអូឡាំពិចវិញ ទីតាំងក៏ចំកណ្ដាលក្រុង មនុស្សចូលរាល់ថ្ងៃ មិនប្រកាន់ថ្ងៃឈប់សំរាក សេវាកម្មគឺគ្មានអ្វីទាល់តែសោះ ដីស្តាតមានស្រាប់តាំងពីជំនាន់ជីតាខ្ញុំ ម៉េចក៏គេហ៊ានទារប្រាក់ផ្ញើម៉ូតូដល់ទៅ ១០០០រៀល? តំលៃនេះមិនច្រើនទេសំរាប់យើងម្នាក់ៗ តែក៏មិនតិចដែរបើធៀបទៅនឹងតំលៃផ្ញើនៅខាងក្រៅ បើធៀបទៅនឹងចំនួនមនុស្សចេញចូលស្តាតរាល់ថ្ងៃ បើធៀបទៅ នឹងចំនួនឆ្មាំស្តាតទាំងប៉ុន្មាននាក់នោះ ឬ ក៏បើធៀបផ្ទាល់ទៅនឹងសេវាកម្មនៅក្នុងស្តាតនោះ។ ដីស្តាតជាដីរដ្ឋ ជាសម្បត្តិរាស្ត្រសោះ ហេតុអ្វីក៏គេហ៊ានដាក់ខ្សែមួយសរសៃយកលុយយ៉ាងព្រងើយបែបនេះទៅវិញ។
កាលមុន គេយកថ្លៃផ្ញើម៉ូតូមួយ ៥០០រៀល បើចង់ជិះចូលក្នុង ក៏ត្រូវបង់៥០០រៀលដែរ។ លុះក្រោយមកមានអ្នកខឹងសម្បារថាបាត់ម៉ូតូគេក្នុងស្តាត គេក៏តំរូវឱយម៉ូតូទាំងអស់ផ្ញើនៅមាត់ទ្វារហើយដើរចូល។ មិនបានប៉ុន្មាន គេបើកឱយចូលដដែល តែគេយកប្រាក់១០០០រៀល បើផ្ញើក៏១០០០រៀលដូចតែគ្នា។ ប៉ុន្មានថ្ងៃមុននេះ តាមសំដីអ្នកលក់ដូរក្នុងស្តាតបានប្រាប់ថា អ្នកលេងទឹកភ្លៀងដែលបានជិះម៉ូតូចូល ហើយទុកប្រហែស ត្រូវបានគេកាច់កលួចយកម៉ូតូទៅបាត់។ អ្នកនោះក៏ទៅប្ដឹងថ្នាក់លើ (ថ្នាក់លើដល់ថ្នាក់ណាទៅ?) ថ្នាក់លើក៏បញ្ជាឱយឈប់បើកឱយម៉ូតូចូល។ មួយដំបរនិងបួនគឺដូចតែគ្នា។ អ្នកខ្លាចអំនាចគេត្រូវទុកម៉ូតូផ្ញើនៅមាត់ទ្វារ ឯអ្នកគ្រាន់បើជិះម៉ូតូចូលទាល់តែដល់ក្នុងបន្ទប់ទឹកក៏គ្មានបញ្ហា។ ម៉ូតូនៅតែមានចតប្រសេចប្រសាចក្នុងដីស្តាតដដែល មិនមែនជាយានជំនិះរបស់អ្នកលក់ដូរទេ នោះជាម៉ូតូ របស់អ្នកដែលមកលេងកីឡាដូចយើងធម្មតាដែរ។ មិនដឹងដែរ ចុះបើគេបើកឱយចូលវិញហើយយកលុយមួយជាពីរដូចមុនទៀត យើងនឹងត្រូវបង់ដល់ ២០០០រៀលហើយ។ អស្ចារ្យ!… ថ្នាក់លើចេះបញ្ជារឱយថ្នាក់ក្រោមបិទមិនឱយម៉ូតូចូល ចុះតំលៃដែលគេកំនត់ឱយយើងបង់ប៉ុណ្ណេះ ប៉ុណ្ណោះ តើថ្នាក់មួយណាជាអ្នកទទួលខុសត្រូវ ថ្នាក់ណាជាអ្នកសំរេច ហើយថ្នាក់ណាជាអ្នកចាំស៊ីចុក។ នេះមិនទាន់ដឹងថាអ្នកចេញចូលហាត់ប្រាណរាល់ថ្ងៃមានថ្នាក់ណាខ្លះដែរ ឬ ក៏ថ្នាក់ទាំងប៉ុន្មាននោះបានដឹងឮរឿងនេះឬទេ។ ត្រង់ម៉ូតូបាត់នោះ វាហាក់ដូចជាគ្មានអ្វីពាក់ព័ន្ធគ្នាសោះ ត្បិតគេមានកន្លែងឱយផ្ញើហើយយើងនៅតែចចេសចង់ចូលទៀត ដល់បាត់តាំងរករឿងខឹងសំបារនឹងគេ ច្បាប់ព្រៃក៏មិនបានចែងដូចនោះដែរ។
ស្ថាប័នពាក់ព័ន្ធ គួរផ្ដល់ដំនោះស្រាយសមស្របមួយដែលអាចទទួលយកបានទាំងសងខាង យើងមិនរារែកបង់ប្រាក់ដើម្បីចូលលេងក្នុងកីឡាដ្ឋាន តែត្រូវដឹងថានេះជាវិភាគទានសំរាប់ផ្នែកមួយណា។ ការហាមឃាត់គួរតែអនុវត្តសំរាប់គ្រប់គ្នា បើបិទម៉ូតូមិនឱយចូល ឆ្មាំទ្វារគួរបិទទាំងអស់។ បើមានអ្នករឹងក្បាលចង់យកជិះចូល ក៏ចូលទៅ បាត់ក៏បាត់ទៅ ព្រោះយើងបានហាមឃាត់ បានដឹងឮគ្រប់ៗគ្នាហើយ។
P.S. លេងទឹកភ្លៀង, កន្ទុយលេខ, ភ្នាល់បាល់ សុទ្ធតែជាល្បែងស៊ីសង បើជៀសឱយឆ្ងាយបានយើងក៏មិនគួរសសៀរទៅជិតដែរ។ បើបិទកុំឱយមានល្បែងទាំងនេះបានគឺរឹតតែអស្ចារ្យ តែខ្ញុំនៅតែឃើញជាញឹកញយគេកាន់ក្រដាសភ្នាល់បាល់បង្ហាញគ្នាមកទល់ពេលនេះ ទោះបីជារដ្ឋាភិបាលបានប្រកាសឱយបញ្ឈប់ដាច់ខាតហើយនោះ។
យ៉ាបណាស់ស្រុកស្មែរ បើអង្គុយរឺះគុន់វិញហេអត់ចេះអស់ទេ រឺះគន់អស់ជិត១០ឆ្នាំហើយនៅតែមានរឿងថ្មីរឹះគន់ទៀត។ យូរៗទៅរឺះគិន់អត់ទាន់ព្រោះរឿងយ៉ាប់ៗកើនលឿនជាងពេលទំនេរសំរាប់រឺះគន់។