រៀនសរសេរកំនត់ហេតុ
កំនត់ហេតុបណ្ដាញជាច្រើនត្រូវបានបង្កើត ទន្ទឹមនឹងទំព័រចាស់ៗត្រូវបានទុកចោលឥតប្រយោជន៍ ឬ ក៏លុបចោលក៏មាន។ សំរាប់អ្នកចាប់ផ្ដើម ការសរសេរកំនត់ហេតុគ្រាន់តែជាចំនង់ចំនូលចិត្តសំរាប់បង្ហាញខ្លួននៅលើប្រព័ន្ធ Internet តែប៉ុណ្ណោះ ឯអ្នកមានបទពិសោធន៍យូរហើយ គេសរសេរដើម្បីទាក់ទាញអ្នកអានឱយបានកាន់តែច្រើន ឬ ក៏ស្វែងរកកេរ្ដិ៍ឈ្មោះបន្ថែមក្រៅម៉ោងធ្វើការ ឬ ក៏ក្រៅជំនាញរបស់ខ្លួនផងដែរ។ ឯអ្នកពូកែមួយក្រុមទៀត ការសរសេរអត្ថបទលែងមានការសំខាន់សំរាប់ទាក់ទាញអ្នកអាន ឬ ក៏ផ្ដល់ការអប់រំក្រៅប្រព័ន្ធដល់អ្នកទាំងនោះទៀតហើយ ព្រោះគេមើលឃើញឱកាសក្នុងការស្វែងរកប្រាក់ចំនូលរបស់គេ។ មានទាំងផ្លូវត្រង់ មានទាំងផ្លូវវៀង និង ផ្លូវកាត់ មានទាំងផ្លូវគោក ទឹក អាកាសទៀតផងក៏មិនដឹង។
ខ្ញុំចាប់សរសេរក្នុងសៀវភៅកំនត់ហេតុដំបូងតាំងពីចប់បឋមសិក្សា តែការរៀបរាប់ពីអារម្មណ៍ផ្ទាល់ខ្លួនពិតជាមានការពិបាកខ្លាំងណាស់។ ម៉្យាងទៀត ភាពឯកជនក្នុងគ្រួសារ ក្នុងសង្គមខ្មែរ មិនបានទទួលការគាំទ្រណាស់ណាទេ ក្រែងលោថ្ងៃណាមួយ នរណាមួយ រកឃើញសៀវភៅកំនត់ហេតុខ្ញុំនៅកន្លែងណាមួយ គេប្រហែលមិនស្វែងរកម្ចាស់សៀវភៅដើម្បីប្រគល់ឱយវិញទេ គឺភាពចង់ដឹងជំរុញឱយរឹតតែចង់ដឹងលឺថែមទៀតថាមានអ្វីខ្លះនៅក្នុងទំព័រសៀវភៅ។
ប្លែកដែរ ជាធម្មតាកំនត់ហេតុប្រើសំរាប់សរសេរដោយស្មេរប៉ុន្មាននាក់ ហើយអានដោយអ្នកអានប៉ុន្មាននាក់ប៉ុណ្ណោះ។ លុះឥលូវ គេសរសេរកំនត់ហេតុដើម្បីឱយមានអ្នកអានកាន់តែច្រើន គឺកាន់តែល្អ។ ក្នុងចំនោមកំនត់ហេតុរាប់រយដែលខ្ញុំអានប៉ុន្មានឆ្នាំមកនេះ មានតែទំព័រមួយចំនួនប៉ុណ្ណោះ ដែលអាចចាត់ទុកថាមានតំលៃគួរចូលចិត្ត គួរចង់អាន មិនមែនរ៉ាយរ៉ាប់ អួតអាងពីនេះពីនោះបន្តពីអ្នកដែលរ៉ាយរ៉ាប់អួតអាងពីនេះពីនោះបន្តពីម្នាក់ទៀតទេ។
កំនត់ហេតុភាគច្រើនសរសេរដោយម្នាក់ឯង។ បើអ្នកនោះ មានឱកាសនៅជាប់ Internet ពេញម៉ោង គេចង់សរសេរដប់អត្ថបទក្នុងមួយថ្ងៃក៏បាន ចង់សរសេរពេលណាក៏បាន ឬសរសេរពីអ្វីក៏បាន។ ឱយតែយើងឧស្សាហ៍អាន ត្រលប់ទៅទំព័រនោះលើកណាក៏មានអ្វីដែលថ្មីៗជានិច្ច។ បើនៅស្រុកខ្មែរវិញ អ្នកដែលគេហៅថាល្បីក្នុងពិភព Wordpress ឬ Blogger នោះមិនសូវមានប៉ុន្មានទេ។ នៅពេលដែលខ្ញុំបានចូល Internet Cafe ខួរក្បាលស្រលះអស់រលីង ចង់សរសេរពីអ្វី ក៏នឹកឃើញតែសញ្ញាសួរ លុះចេញមកក្រៅវិញសំនួរចាក់ស្រេះរាប់មិនអស់ចាប់ផ្ដើមផុសមកវិញជាបន្តបន្ទាប់។ ដូច្នោះហើយអ្នកអាននឹងមានការធុញទ្រាន់ បើគេមកមួយសប្ដាហ៍ហើយឃើញតែអត្ថបទដដែល។ យកល្អ យើងគួរកំនត់កាលវិភាគថាត្រូវសរសេរអត្ថបទប៉ុន្មានដងក្នុងមួយសប្ដាហ៍ និង សរសេរពីអ្វីខ្លះរួចជាស្រេចមុនចូល Internet Cafe។
ថ្វីបើយូនីកូដខ្មែរត្រូវបានបង្កើតហើយក្ដី អ្នកសរសេរកំនត់ហេតុជាភាសាខ្មែរភាគច្រើនមានលក្ខណៈជាកំនត់ហេតុផ្ទាល់ខ្លួនប៉ុណ្ណោះ។ អ្នកចេះឆក់ឱកាស ឬ ក៏អ្នកពូកែរកស៊ី គេសរសេរ (ឬភាគច្រើនគេចំលង) អត្ថបទភាសាអង់គ្លេសពីទំព័រដទៃ (ភាគច្រើនជាពត៌មាន) ដាក់ក្នុងទំព័ររបស់គេហើយដាក់ផ្ទាំងផ្សាយពាណិជ្ជកម្មសំរាប់រកលុយ។ យើងកំពុងអានអត្ថបទដែលចំលងពីឯកសារគេតែប៉ុណ្ណោះ។ សរុបមក ខ្មែរសរសេរអង់គ្លេសឱយខ្មែរអាន។ ចុះសរសេរជាភាសាខ្មែរថោកណាស់ទៅឬ? ទេមិនថោកទេ តែវាគ្មានប្រយោជន៍ ព្រោះរកលុយមិនបាន។
ខ្ញុំចង់ជំរុញឱយស្មេរទាំងអស់ទទួលជោគជ័យក្នុងការសរសេរកំនត់ហេតុរបស់ខ្លួន ជាជាងចំនាយពេលឥតប្រយោជន៍ សំរាប់ការងារឥតប្រយោជន៍ ដើម្បីមនុស្សឥតប្រយោជន៍នោះទេ។ កំនត់ហេតុល្អគួរមានការចាត់តាំងត្រឹមត្រូវថានឹងសរសេរអំពីប្រធានបទណាមួយជាចំបង បើសមាជិកមានប្រធានបទផ្សេងៗគ្នា នោះយើងគួរចែកជាក្រុមតូចៗថែមទៀត។ យើងមិនមែនមិនអាចសរសេរទំព័រមួយតែម្នាក់ឯងបាននោះទេ តែនេះជាជំរើសដែលគ្មានប្រសិទ្ធភាព។ ការសរសេរកំនត់ហេតុជាក្រុមដោយផ្ដោតលើប្រធានបទតូចៗមួយដោយឡែកៗពីគ្នា នឹងទទួលបានការចាប់អារម្មណ៍ជាពិសេសពីអ្នកអាន អត្ថបទមានគុណភាពថ្មីៗនឹងត្រូវបានបន្ថែមជាប្រចាំនៅលើទំព័រកំនត់ហេតុ ហើយអ្នកដែលមានជំនាញក្នុងប្រធានបទនោះនឹងមានឱកាសបង្ហាញពីចំនេះដឹងរបស់ខ្លួនពិតប្រាកដ ជាជាងសរសេរអត្ថបទទូទៅប៉ាតណាប៉ាតណីដូចសព្វថ្ងៃនេះ។
យើងនៅខ្វះឯកសារច្រើនណាស់ជាភាសាខ្មែរនៅលើប្រព័ន្ធ Internet។ ចន្លោះទាំងនេះនឹងត្រូវបំពេញដោយយើងទាំងអស់គ្នា។ ទោះបីយើងមិនមែនជាអ្នកជំនាញក្នុងផ្នែកណាមួយឱយច្បាស់លាស់ក៏ដោយ ការចាប់ផ្ដើមរបស់យើងនឹងក្លាយជាចលករជំរុញឱយកូនខ្មែរជំនាន់ក្រោយរកឃើញកំហុស និងកង្វះខាតដែលត្រូវបំពេញបន្ថែមនៅថ្ងៃក្រោយទៀត។ ប្រធានបទជាច្រើននឹងត្រូវលើកយកមកអធិប្បាយនៅថ្ងៃក្រោយ បន្ទាប់ពីខ្ញុំរៀបចំរួច។ ទន្ទឹមនឹងអ្នកអ្នកអានអាចផ្ដល់យោបល់ថាអ្នកអាចសរសេរបានក្នុងប្រធានបទអ្វី ខ្លឹមសារត្រូវមានអ្វីខ្លះ ត្រូវការសមាជិកប៉ុន្មាននាក់ ខ្ញុំរីករាយនឹងឆ្លើយតបគំនិតអ្នកជានិច្ច៕