ចរាចរណ៍សំរាប់យើងទាំងអស់គ្នា
ខ្ញុំមិនដឹងជាមើលត្រង់កន្លៀតណាឱយច្បាស់ទេ ដែលយើងចេះតែសរសើរខ្លួនឯងថាពូជខ្មែរសុភាពរាបសារ រម្យទម ថ្លៃថ្នូរ ចេះគួរសម ឬ ក៏ពាក្យសទិសន័យផ្សេងទៀតដែលមិនមែនជាការបង្អាប់ខ្លួនឯង។ ខ្ញុំចេះតែមើលឃើញថា ចរាចរណ៍លើទ្រូងផ្លូវនៅរាជធានីភ្នំពេញសព្វថ្ងៃកាន់តែមានភាពអនាធិបតេយ្យយ៉ាងគគ្រឹកគគ្រេង គឺអ្នកចេះក៏ដូចជាពាល ឯពាលទៀតសោតកាន់តែបាតផ្សារដូចជាប្រទេសច្បាប់ ឬ ក៏និយាយឱយងាយ គ្រួសារគ្មានម៉ែឪចាស់ទុំប្រដៅ។
ការបង្កើតកំនត់ហេតុបណ្ដាញកាន់តែកើនឡើងជាលំដាប់ តែគួរឱយស្ដាយដោយខ្ញុំមិនមានម៉ាស៊ីនថតរូប បើមិនដូច្នោះទេ ខ្ញុំនឹងបង្កើតកំនត់ហេតុបណ្ដាញមួយទៀតសំរាប់ដាក់រូបភាពប្លែកៗនៅលើទ្រូងផ្លូវក្រុងភ្នំពេញសព្វថ្ងៃ។ រូបភាពទាំងនោះមិនពិបាកស្វែងរកទេ យើងគ្រាន់តែចាំនៅចំនុចផ្លូវបំបែកតែ ៥ នាទី យើងនឹងឃើញរថយន្ត ម៉ូតូបើកបន្តកន្ទុយគ្នាយ៉ាងងងើលឆ្លងកាត់ភ្លើងក្រហម ជាពិសេសអស់លោកមួយចំនួនដែលពាក់ផ្លាក ខេមរភូមិន្ទ និង នគរបាល ទោះបីជាពួកគេមិនមានការបន្ទាន់អ្វីក៏ដោយ។ ជួនកាលយើងឃើញ រថយន្ត Lexus, Land Rover, ឬ ឆ្លាម មួយឬពីរ សរសៀរបញ្ច្រាសផ្លូវទាំងទទឹងទិសមុននឹងគេឆ្លងផ្លូវទៅម្ខាងទៀត មិនដឹងថាសាលាបង្រៀនបើកបរណាបង្ហាត់គេដូច្នេះ មិនដឹងថាអ្នកណាដែលចេញប័ណ្ណបើកបរឱយអ្នកទាំងនោះ។ មិនត្រឹមតែច្បាប់ចរាចរណ៍ទេដែលគេមិនគោរព សូម្បីតែសីលធម៌ក្នុងខ្លួនបន្តិចក៏គ្មានដែរ មិនសមនឹងឋានៈ សំលៀកបំពាក់ជាអ្នកខ្ពង់ខ្ពស់សោះ។
សំនួរមួយដែលយើងប្រហែលជាធ្លាប់សួរខ្លួនឯងរួចមកហើយ «តើហេតុអ្វីបានជាប្រជាជនមិនគោរពប៉ូលីសចរាចរណ៍បន្តិចណាសោះ?» ព្រោះនៅពេលដែលគេណែនាំទូទាំងប្រទេសឱយពាក់មួកការពារ ឬ ដាក់កញ្ចក់ម៉ូតូ អ្នកទាំងនោះធ្វើហាក់ដូចជាគ្មានបានដឹងឮបន្តិចណាសោះ នៅពេលដែលប៉ូលីសចរាចរណ៍កាក់ផាកពិន័យតាមផ្លូវ គេស្ទើរតែនឹងជិះបុកប៉ូលីសទាំងរស់ ឬ ក៏ ជជែកតវ៉ាយកឈ្នះចាញ់ឱយខានតែបាន។ អ្វីដែលខ្ញុំមើលឃើញ គឺដោយសារតែច្បាប់កំនត់ហើយយើងមិនបានអនុវត្តឱយបានត្រឹមត្រូវ។ ប៉ូលីសផាកកំនត់តំលៃតាមចិត្តដូចអ្នកលក់បន្លែ ប៉ូលីសខ្លះសំដីក្អេងក្អាងមិនសមជាអ្នកកាន់ច្បាប់ ជួនកាលគេកាក់មើលតាមមុខមាត់អ្នកបើកបរ បើផ្លាក ខ.ម ឬ ន.ប ឬ រថយន្តទំនើបៗ គេឱយទៅ ឱយមកតាមក្បាលចិត្តគេ តែចំពោះអ្នករត់ម៉ូតូឌុប ឬ អ្នកមកពីខេត្ត ខោមិនខោ អាវមិនអាវ ប៉ូលីសទាំងនោះព័ទ្ធស៊ីតែម្ដង។ កុំថាឡើងតែក្មេងស្ទាវ សូម្បីតែរូបខ្ញុំ បើមានផ្លូវកន្លុកកន្លៀតណាទៅរួច ទោះបីជាខ្ញុំមានមួក មានកញ្ចក់ត្រឹមត្រូវហើយក៏ដោយ ក៏ ខ្ញុំមិនខ្ចីទៅជិះកាត់មុខប៉ូលីសចរាចរណ៍នាំឱយស៊យទាំងព្រឹកនោះដែរ។
បំនងល្អមួយទៀតដែលខ្ញុំសូមស្នើដល់អ្នកបញ្ជារយានយន្តទាំងអស់គ្នា បើយើងគោរពច្បាប់មិនបានខ្ជាប់ខ្ជួន ក៏សូមយកសីលធម៌ដាក់ខ្លួនផងដែរ។ ជារឿយៗ យើងឃើញមានម៉ូតូធុនទំនើបជិះកាត់មុខស៊ីក្លូយ៉ាងក្លាហាន ឯតាស៊ីក្លូត្រូវបង្ខំចិត្តទាញប្រាំងថយក្រោយបញ្ឈប់យ៉ាងទាន់ហន់ទោះបីគាន់មិនមានប្រាំងបូមក៏ដោយ ហើយទំលាក់ខ្លួនចុះមកដីដើម្បីបណ្ដើរដោយកំលាំងបាយ ហូរញើសសស្រាក់ទៅវិញ ខុសពីយើងដែលប្រើម៉ាស៊ីនចង់ទៅមុខ ចង់ទៅក្រោយបានតាមចិត្តដោយគ្រាន់តែកាច់ចង្កឹះលេខតែបន្តិច។ មួយវិញទៀត យើងប្រហែលជាពិបាកគេចផុតណាស់នៅលើផ្លូវធំមួយចំនួន គេចតឡានចូលមកក្នុងទ្រូងផ្លូវរហូតដល់ទៅបីជួរ ចង់នរណាៗស្ទះ យឺតដំនើរ ក៏គេមិនខ្ចីឈឺក្បាលដែរ។ ចំនតនៅតាមផ្លូវកែងមួយចំនួនក៏ជាបញ្ហាចំបងដែលបណ្ដាលឱយចរាចរណ៍នៅភ្នំពេញកកស្ទះជារៀងរាល់ថ្ងៃដែរ។
សកម្មភាពអនាធិបតេយ្យបែបនេះ មិនបានស្ថិតនៅមួយកន្លែងនោះទេ។ វាបានធ្វើឱយកូនខ្មែរជំនាន់ក្រោយកែប្រែអត្តចរិកបន្តិចម្ដងៗដោយមិនដឹងខ្លួន គឺមិនបានឈានទៅរកភាពល្អប្រសើរទេ តែបែរជាធ្លាក់ទៅរកភាពអវិជ្ជា អសីលធម៌យ៉ាងងងប់ងងល់ ដោយសារតែអ្នកគ្រាន់បើមួយចំនួនហើយ មួយចំនួនទៀត ផ្ដល់គំរូពាលឱយពួកគេ។ យើងសង្ឃឹមថា ការកែប្រែចាប់ផ្ដើមពីបុគ្គលនីមួយៗ បើយើងអាចគ្រប់គ្រងខ្លួនយើងបាន នោះយើងក៏មានទឹកចិត្តក្នុងការជួយណែនាំអ្នកនៅជិតខ្លួនផងដែរ។ សូមជូនពរអ្នកធ្វើដំនើរលើទ្រូងផ្លូវប្រកបដោយសុវត្ថិភាព។