សាសនាមួយណាដែលប្រសើរជាងគេសំរាប់អ្នក?
បើអ្នកមិនទាន់បានសំរេចចិត្តទេថាមួយណាល្អទេ អ្នកគួរសំរេចចិត្តចាប់ពីឥលូវនេះទៅ។ បើសិនជាអ្នកអាចឆ្លើយបានថាសាសនាណាមួយល្អសំរាប់អ្នក អ្នកកំពុងយល់ច្បាស់ពីខ្លួនអ្នកហើយ។ បើអ្នកមិនអាចសំរេចចិត្តបានប្រហែលជាអ្នកមិនទាន់យល់ច្បាស់ពីសាសនា ឬ ក៏អ្នកកំពុងឃ្លាតឆ្ងាយពីសាសនាហើយ។
នៅកម្ពុជា សាសនាមិនមានឥទ្ធិពលសំខាន់ណាស់ណាទេ ព្រោះពុទ្ធសាសនាមិនបានបង្គាប់មនុស្សឱយប្រតិបត្តិខានមិនបាននោះទេ។ យើងអាចចាំបានខ្លះៗ សំរាប់អ្នកសិក្សាកម្មវិធីអប់រំចាស់ សំរាប់ថ្នាក់ទី ១១ មុខវិជ្ជាទស្សនវិជ្ជា ដែលបានតំរូវឱយយើងរៀនអំពីប្រវត្តិ និង ទ្រឹស្ដីអ្នកប្រាជ្ញល្បី រួមទាំងមេដឹកនាំសាសនានានាលើលោកផងដែរ។ ពួកគេបង្កើតទស្សនៈប្លែកៗសំរាប់ជាពន្លឺក្នុងការស្វែងរកការពិតនៃចំនេះដឹងលើលោក រហូតមកទល់ពេលនេះយើងមានកុំព្យូទ័រប្រើប្រាស់ ឬ រស់ដោយបេះដូងសិប្បនិមិត្ត ក៏ដោយសារការស្រមើស្រមៃរបស់ពួកគេដែរ។ អ្នកមានឥទ្ធិពលដែលអាចដឹកនាំផ្លូវចិត្តមនុស្សឱយគេដើរតាម ទោះជាមិនបានធ្វើជាមេដឹកនាំប្រទេសក៏ដោយ ក៏សាវ័ក (?) ទាំងអស់តែងតាំងជាគ្រូបង្រៀនសាសនាកំពូលរហូតមនុស្សជំនាន់ក្រោយគោរពច្រើនសតវត្សផងដែរ។
មនុស្សភាគច្រើន (ប៉ុន្មានភាគរយ) មិនព្រមជឿការពិតទេ ទាល់តែគេកុហកថាមានស្ថានសួគ៌ នរកទើបនាំគ្នាខ្លាច ជួនកាលយើងធ្វើបុណ្យនឹងអ្នកធ្វើបាបទាំងងងឹតងងល់ ជួនកាលបូជាគ្រឿងសក្ការៈ ជីវិតសត្វ រឺជីវិតខ្លួនផង ដើម្បីបំពេញចិត្តព្រះ ទាំងមិនដឹងថាព្រះជាអ្វីផងនោះ។ សរុបមកសាសនាគ្រាន់តែជាជំនួយដើម្បីឱយមានសេចក្ដីសុខផ្លូវចិត្តតែប៉ុណ្ណោះ តែដោយសារយើងខ្វះជំនឿចិត្តលើខ្លួនឯង ទើបទទួលយកសាសនាជាអ្នកដាស់តឿនឱយដើរផ្លូវល្អ។ ផ្ទុយទៅវិញ គ្មានមនុស្សពីរនាក់ណាដូចគ្នាបេះបិទទេនៅលើលោកនេះ មានស មានខ្មៅ មានខ្ពស់ មានទាប ហើយមានល្អផង និងមានអាក្រក់ផងដែលតែងតែឆ្លៀតយកចំនេញមកលើអ្នកគោរពសាសនាតាមបែបងងឹតងងល់។ ងងឹតងងល់យ៉ាងណា? គឺចេះតែថាតាមគេ ធម៌ចេះតែសូត្រ ព្រះចេះតែបន់ ស្រាចេះតែផឹក ឯត្រង់ចំងល់ត្រង់ថាសាសនាកើតមកពីណា គេបង្កើតសាសនាដើម្បីអ្វី ចំនុចខ្លាំងនិងចំនុចខ្សោយរបស់សាសនានីមួយៗមានអ្វីខ្លះ អ្នកនោះមិនព្រមយកពេលមួយដង្ហើមចង្រិតមកគិត មកស្ដាប់ ឬសិក្សាអ្វីឡើយ។ នេះជាកំហុសយើងដែលជឿតាមគេ តួយ៉ាងម៉ែឪក៏ចង់បានបង្កើតទ្រឹស្ដីសាសនាមួយចំនួនដែរ ដូចជាស៊ីកន្ទុយត្រីចេះហែលទឹក កុំស៊ីត្រីរបៀបត្រលប់ផែនដី ឬក៏នោមដាក់ផ្លូវផ្សែងដេញតាម។ លុះដល់ពេលយើងយល់ការរាក់ជ្រៅទើបដឹងថានោះមិនមែនជាការពិតទេ គឺគាត់ចង់ឱយយើងល្អតែប៉ុណ្ណោះ។ យើងគិតឃើញរបៀបនេះបាន យើងក៏អាចគិតឱយបានទូលាយជាងនេះអំពីទ្រឹស្ដីទាំងសាសនាយើងកំពុងប្រតិបត្តិ ទាំងអ្នកដទៃកំពុងប្រតិបត្តិ។
សរុបមក បើគេសួរថាសំលរម្ជូរអាចដាក់អ្វីបានខ្លះ បើគេមានទាំងអំពិលខ្ចី អំពិលទុំ សណ្ដាន់ ពង្រ ក្រូចឆ្មារ។ខ្ញុំនឹងឆ្លើយថា ដាក់តែម្ជូរមិនគ្រប់គ្រាន់នោះទេ យើងត្រូវដឹងពេលណាត្រូវដាក់ ប៉ុន្មានគីឡូត្រូវដាក់ ហើយក៏មានរបស់ផ្សេងទៀតសំរាប់បង្ករឱយគ្រប់លក្ខណៈជាសំលម្ជូរដែរ គេត្រូវដាក់អំបិលប្រហុក ដាក់ទឹក ដាក់បន្លែ ដាក់ត្រី … និងដាក់ចិត្តស្លផងដែរ។
សំនួរនេះមិនមានបំនងលើកមកសំរាប់បង្ករបញ្ហាជាមួយអ្នកដែលមានជំនឿស៊ប់លើសាសនាទេ តែគ្រាន់តែជាចំនីខួរក្បាលសំរាប់ពិចារណាអំពីជំហានរបស់អ្នកកំពុងចូលជ្រៅក្នុងសាសនាបានប៉ុណ្ណាប៉ុណ្ណោះ។
គំនិតសំរាប់ពិចារណាខ្លះៗ៖
- កត្តាអ្វីខ្លះដែលធ្វើឱយមនុស្សផ្លាស់ប្ដូរសាសនា?
- សាសនាមាននាទីអ្វីក្នុងសង្គម?
- តើគេអាចចាត់ទុកវិទ្យាសាស្ត្រជាសាសនាមួយបានឬទេ?
- អ្នកណាបង្កើតសាសនា?
- ជំនឿព្រលឹង (animism) ជាសាសនាដំបូងគេមែនទេ?
- តើប្រទេសមួយអាចរីកចំរើនដោយមិនត្រូវការសាសនាបានដែរឬទេ?
- តើសាសនាលេសនយោបាយមែនឬ?
- សាសនាមួយកើតឡើងពឹងផ្អែកលើកត្តាអ្វីខ្លះ?
- តើសាសនាធ្វើឱយមនុស្សបាត់បង់ជំនឿចិត្តលើខ្លួនឯងដែរឬទេ?
ត្រឹមត្រូវ
ដូចគ្នាតែពេលខ្មែរបោះបង់លទ្ធិទេវនិយម មកចាប់យកលទ្ធិពុទ្ធនិយមអញ្ចឹង លែងត្រូវគេកែនអោយសង់ប្រាសាទ មកធ្វើវិហារតូចៗវិញ។
។ បាត់មួយកើតមួយ ។ មិនមែនស្រុកខ្មែរកើតមក សំរាប់តែសាសនាព្រះពុទ្ធឯណា។
ហើយបើអីលូវខ្មែរបោះបង់ពុទ្ធសាសនាមកចាប់យកគ្រឹស្ទសាសនាវិញ បុណ្យណូអែលប៉ាតម្សៅសប្បាយផ្តាំចាស់ បុណ្យវ៉ាលែនទីនផ្កាលក់ដាច់អស់ទាស់
សាសនាដែលល្អ គឺមិនបង្ខំជនណាម្នាក់ឲ្យជឿខ្លួន គឺសាសនាព្រះពុទ្ធ!
មិនដួចសាសនាខ្លះ បង្ខិតបង្ខំ គ្រប់រូបភាព មានទាំងឲ្យលុយកាក់ ផ្តល់ការសិក្សា! អ្នកដែលចូលហើយ ច្រើនតែនិយាយអត់សូវដឹងខ្យល់អីទេ!
ស្អីតិចក៏អរគុណព្រះ សំលាប់មនុស្សហើយទៅសុំទោសព្រះ រួចខ្លួន! :angry:
បកស្រាយបានល្អ !
គួរអោយស្តាយ ព្រោះមនុស្សលោកបានធ្វើអោយសាសនាច្របូកច្របល់អស់ ។
ជាពិសេសគឺពួកអ្នកដឹកនាំសាសនាធំៗ ជួនកាលបានធ្វើអំពើមិនល្អ ធ្វើអោយ
អ្នកខ្លះអស់ជំនឿ ។
គឺព្រះពុទ្ធសាសនា! នេះសម្រាប់ខ្ញុំជាខ្មែរ ។ តើខ្មែរអ្នកត្រឡប់ទៅជឿសាសនាគ្រិស្ត បាត់បង់ទំនៀមទម្លាប់ ប្រពៃណីអ្វីខ្លះ?
ក្នុងចំណោមសាសនានីមួយៗមានបែកចេញជាច្រើនក្រុម ព្រោះតែអ្នកដឹងនាំមិនត្រូវគ្នា
ឧទាហរណ៍ដូចជាពុទ្ធសាសនា ដែលបានបែកចេញជាបីក្រុម (និកាយ ឬយាន) ៖
១. ហីនយាន
២. មហាយាន
៣. ពេជ្រយាន ឬ វជ្រយាន
តើអ្នកដឹងថានៅស្រុកខ្មែរយើងគេកាន់យានមួយណា ?
ចូលវត្ត ចូលវិហារចេះតែចូលទៅហើយ គ្រាន់តែខ្ញុំមិនហ៊ានជជែកនឹងចាស់ៗទេ ខ្លាចគាត់ដៀលថាទមិឡ។
មិនដឹងថាគេបង្រៀនយ៉ាងណាដែរ Professor មូស្លីមធំៗមានបទពិសោធន៍រាប់ឆ្នាំហើយ នៅតែជឿថាស៊ីសាច់ជ្រូកមិនបាន នៅពេលដែលសួរគេថាម៉េចអីចឹង គេថាតាមគម្ពីគេបង្រៀនបែបនេះ បែបនោះ ខ្ញុំមិនដែលទទួលមូលហេតុណាដែលមានលក្ខណៈជាវិទ្យាសាស្ត្រម្ដងទេ។
តាំងពីកើតមកខ្ញុំនៅនឹងព្រះពុទ្ធសាសនារហូតមក ឃើញថាមិនបានបង្ខំឱយធ្វើនេះ ហាមមិនឱយធ្វើនោះទេ គ្រាន់តែណែនាំថាផ្លូវណាខុស ផ្លូវណាត្រូវ ត្រង់យើងតាមមិនតាមក៏គេមិនបង្ខំ ត្រង់បាបឬបុណ្យក៏នៅលើខ្លួនយើងអ្នកប្រព្រឹត្ត ត្រង់ខ្ញុំមិនបានធ្វើអ្វីឱយរង្គៀសអ្នកដទៃ ខ្ញុំក៏មានក្ដីសុខមិនខ្លាចគេបៀតបៀនដែរ ឯបុណ្យបាបនរកប្រែតខ្ញុំមិនធ្លាប់ឃើញខ្ញុំមិនទាន់ជឿទេ គ្រាន់តែដឹងថាសាសនាតំរង់ខ្ញុំបានត្រឹមផ្លូវចិត្តតែប៉ុណ្ណោះ។
ចឹងដើម្បីកុំឲ្យឈឺក្បាលច្រើន គួរកាន់គំនិតថា ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ តែប៉ុណ្ណឹងចប់! មិនបានទៅវិហារសូត្រព្រះគម្ពីអីណានោះ! រញ៉េរញ៉ៃណាស់!
លោកបុត្រថាសាសនាណាខ្លះបង្ខំមនុស្សអោយជឿតាមខ្លួន?
ខ្ញុំធ្លាប់តែគិតថាសាសនាគ្រីស្ទស្អីគេនេះ ធ្វើបាបហើយ សុំទោសព្រះរួចបាបដែរ។ ដូចជាសំលាប់មនុស្សហើយ ទៅសុំទោសព្រះ បែរជាមិនអីទៅវិញ។ តាមពិតមកពីខ្ញុំគិតមិនដល់។
សាកល្បងគិតទៅមើល នៅស្រុកអឺរ៉ុបភាគច្រើនកាន់សាសនាគ្រីស្ទ តើបរិមាណនៃការកាប់សំលាប់មនុស្ស ប្រៀបធៀបនឹងស្រុកខ្មែរនរណាច្រើនជាង? សង្ស័យដូចតែគ្នា។
ធម្មតាប្រទេសមានច្បាប់ មានសាសនា។ ព្រះលើកលែងទោសតែច្បាប់មានលើកលែងឯណា?។ សាសនាសំរាប់តែផ្លូវចិត្តប៉ុណ្ណោះ។ យើងធ្វើអ្វីមួយខុស សាសនាព្រះពុទ្ធថា អ្នកឯងត្រូវតែទទួលទោសនេះជាដាច់ខាត សាសនាគ្រឹស្ទថាកុំពិបាកចិត្ត ព្រះនឹងជួយអ្នក។ អ្នកគិតទៅមើល មួយណាដែលអ្នកបានធូរចិត្តជាង?។
សាសនាព្រះពុទ្ធ ព្រះពុទ្ធជាគ្រូ។ សាសនាគ្រឹស្ទ ព្រះជាឪពុក។ បើសិនជាកូនធ្វើខុស តើឪពុកគួរតែកាត់កាល់កូនចោលដែរទេ? ពួកគ្រឹស្ទថាឪពុកនៅតែស្រលាញ់កូនទោះបីជាកូនបានធ្វើខុស អោយតែកូនសន្យាថាកុំធ្វើខុសតទៅទៀត។
ចំនែកឯពួកដែលអូសទាញគេអោយចូលសាសនាគ្រឹស្ទនោះ គ្រាន់តែជាអ្នកកាន់សាសនាគ្រឹស្ទប៉ុណ្ណោះ មិនមែនសាសនាគ្រឹស្ទទេ។
ត្រង់ពាក្យអរគុណព្រះ ខ្ញុំក៏ដូចជាមិនចូលចិត្តដែរ។ គេខំជួយបែរជាអរគុណព្រះទៅវិញ។ មានបុរសជិតខាងខ្ញុំម្នាក់ រដ្ឋតំរូវអោយជីកលូមុខផ្ទះ គាត់មិនជីក។ ដល់គេជីកគ្រប់គ្នា សល់តែមុខផ្ទះគាត់។ អ្នកស្រុកទើសភ្នែកពេក ក៏ជីកអោយ។ ជីករួចហើយ គាត់ក៏និយាយថា សូមអរគុណដល់ព្រះជាម្ចាស់។ បានតែទាត់មួយជើងទំលាក់លូរអីបានសម!!!។
លោកបុត្រនិយាយអញ្ចឹងធ្វើអោយខ្ញុំនឹកឃើញមិត្តម្នាក់។គេចូលសាសនាយូដា (សាសនារបស់ពួកជ្វីស)។ ថ្ងៃសៅរ៍ឡើងក្រោកតាំងពីព្រលប់ ទៅវិហារសូត្រធម៌ រកតែបបួលដើរលេងអីមិនបាន។ រាល់ថ្ងៃក្រោកទៅរៀន ម៉ោងប្រាំបីប្រាំបួនសឹងមិនទាន់។ ត្រូវជាក្មេងដែលចាស់ច្រើនតែថាទមិឡអត់សាសនា ខ្ញុំក៏តែងតែនិយាយទៅវា ថា អញដូចជាឆ្ងល់ វិហារជ្វីសហ្នឹងមានស្រីស្អាតទៅសូត្រធម៌ច្រើនហីស្អី បានជាប្រឹងម៉េះ មិនដែលខានម៉ាង៉ៃសៅរ៍ណាសោះ។ (ព្រោះលឺមីងម្នាក់គាត់ថាស្រីជ្វីសស្អាតហើយមានទៀត)។
យូរទៅទើបខ្ញុំដឹងថាពួកអ្នកកាន់សាសនានេះមានពីរប្រភេទ មួយជាប្រភេទpratiquant (អ្នកកាន់ខ្ជាប់ខ្ជួន) និងមួយទៀត អ្នកចេះតែធ្វើៗទៅ ដូចក្មេងៗស្រុកយើងភាគច្រើន។ ប្រភេទទីមួយគេទៅវិហារខ្ជាប់ខ្ជូនបស់គេ ដូចចាស់ៗស្រុកយើងអញ្ចឹង។ ប្រភេទទីពីរមិនសូវដឹងអីប៉ុន្មានទេ សួរអីក៏មិនដឹងដែរ ដឹងតែថាកាន់សាសនាគ្រឹស្ទ។