ការកំនត់ទិសដៅផ្លូវត្រសក់ផ្អែម
ខ្ញុំមិនដឹងថាអ្នកណាជាអ្នកកំនត់ទិសដៅឱយផ្លូវត្រសក់ផ្អែមក្លាយជាផ្លូវឯកទិសតាំងពីសម័យណា ដោយមន្ត្រីក្រសួងសារធារណការ ឬ ក៏សាលាក្រុងភ្នំពេញជំនាន់មុន ឬ ក៏ជំនាន់នេះទេ។ តាមលទ្ធផលជាក់ស្ដែង ទិសដៅនេះមិនបានហុចគុណប្រយោជន៍ប៉ុន្មាននោះទេ។
មកទល់សព្វថ្ងៃនេះផ្លូវត្រសក់ផ្អែមអាចចរាចរបានតែមួយទិសពីត្បូងទៅជើងគិតចាប់ពីផ្លូវសីហនុ ទៅដល់ផ្សាធំថ្មី។ ផ្លូវប៉ាស្ទ័រវិញយើងអាចធ្វើដំនើរតែមួយទិសដូចគ្នាតែកំនត់ឱយទៅ បានតែពីជើងទៅត្បូង។ ផ្លូវនរោត្តម និង ផ្លូវមុនីវង្សជាផ្លូវធំៗពីរនៅខាងក្រៅស្របនឹងផ្លូវទាំងពីរខាងលើដែរតែយើងអាចធ្វើដំនើរទៅវិញទៅមកបាន។
ប្រសិនបើយើងធ្វើដំនើរលើផ្លូវមុនីវង្សពីត្បូងទៅជើង នៅពេលដែលយើងជិះហួសចំនុចណាមួយ ហើយចង់ត្រលប់ក្រោយ យើងមានជំរើសបី៖
- ត្រលប់ក្រោយដោយជិះបញ្ច្រាសទិស៖ បើមានប៉ូលីសអ្នកនឹងធ្វើយ៉ាងណា?
- ត្រលប់ក្រោយនៅខាងចុងផ្លូវត្រង់ចំនុចប្រសព្វផ្លូវ សាលដឺហ្គោល៖ ផ្លូវមានរបាំងខ្លះមិនអនុញាតិឱយត្រលប់ក្រោយបានទេ (ខ្ញុំភ្លេចមើលផ្លាកសញ្ញាត្រង់នោះបាត់ទៅហើយ)
- និង ជិះចុះមកវិញតាមផ្លូវប៉ាស្ទ័រ៖ ព្រោះផ្លូវត្រសក់ផ្អែមត្រូវហាមឃាត់មិនឱយជិះចេះមកត្បូងទេ
ជំរើសទាំងនេះនឹងកើតឡើងប្រហាក់ប្រហែលគ្នានៅលើផ្លូវនរោត្តមបើសិនជាមានរនាំងបាំងផ្លូវវែងដូចផ្លូវមុនីវង្ស។ បើអ្នកចាប់អារម្មណ៍សំដីខ្ញុំនេះ អ្នកសាកល្បងបង្កើតរូបភាពចរន្តចលនានៅលើផ្លូវទាំងនេះទៅមើល អ្នកនឹងឃើញថាទិសដៅផ្លូវក្នុងពីរនេះមិនឆ្លើយតបនឹងចរាចរមមាញឹកនៅទីក្រុងភ្នំពេញទេ។
គេផាកខ្ញុំអត់៥០០០៛នៅផ្លូវហ្នឹង ហាហា
កំនត់ចឹង កាន់តែលំបាកសំរាប់អ្នកធ្វើដំនើរ។
ខ្ញុំធុញបំផុតពេល ជិះចេញ ពីគីរីរម្យ ទៅផ្សារថ្មី ដល់ពេលត្រលប់មកវិញ វាវាងឆ្ងាយ ចឹងមានតែជិះបញ្រ្ចាសមកវិញ ពេលខ្លះវាកអើប៉ូលីស ភ័យអស់ព្រលឹង!