ខ្លះៗ​អំពី​បុណ្យ​អុំ​ទូក

បើ​អ្នក​ដទៃ​សរសេរ​រៀប​រាប់​ពី​ទិដ្ឋភាព​បុណ្យ​អុំ​ទូក​រយៈ​ពេល​បី​ថ្ងៃ​រួច​អស់​ហើយ សំនេរ​ចំ្រ​ដែល​នឹងកាន់​តែ​ធ្វើ​ឱយ​អ្នក​អាន​ធុញ​ទ្រាន់​មិន​តិច​​ហើយ ច្រើន​ថែម​ទៀត​ផង។ យើង​សាក​ល្បង​សង្កេត​មើល​ទិដ្ឋភាព​ក្រោយ​បុណ្យ​អុំ​ទូក​​វិញ​ម្ដង​ តើ​គួរ​ឱយ​ចាប់​អារម្មណ៍​ដូច​ម្ដេច​វិញ?
ឆ្នាំ​នេះ​ក៏​ដូច​ជា​ឆ្នាំ​មុន ហើយ​ក៏​ដូច​ជា​មុន​ឆ្នាំ​មុន​ដូច្នោះ​ដែរ ខ្ញុំ​​មិន​ចាប់​អារម្មណ៍​នឹង​បុណ្យ​ជាតិ​មួយ​នេះ​ក៏​ថា​បាន ខ្ញុំ​គ្មាន​សមត្ថភាព​ប្រជ្រៀត​ប្រជែង​នឹង​គេ​ចូល​ក្នុង​ហ្វូង​មនុស្ស​កុះ​ករ​​កក​កុញ​កកោក​កកាក​ក៏​ថា​បាន។ កាល​ថ្ងៃ​ទី​ ២ មិត្ត​ភ័ក្ដិ​បបួល​ទៅ​ជួយ​ហែរ​ហម​នឹង​គេ​ដែរ តែ​ខ្ញុំ​អើត​មើល​​បាន​ត្រឹម​តែ​ពី​ចិញ្ចើម​ផ្លូវ​ម្ខាង​នៅ​លើ​ផ្លូវ​នរោត្តម ក៏​គ្មាន​កំលាំង​ចិត្ត​តស៊ូ​ទៅ​ហើយ។ ត្រឹម​ប៉ុណ្ណោះ បាន​ន័យ​ថា ឆ្នាំ ២០០៩ ខ្ញុំ​បាន​ស្គាល់​​ទិដ្ឋភាព​បុណ្យ​អុំ​ទូក​តាម​តែ​រយៈ​ពត៌មាន​ក្រោយ​ព្រឹត្តិការណ៍​តែ​ប៉ុណ្ណោះ។
បើ​និយាយ​ពី​ថ្ងៃ​ទី ៤ នៃ​ពិធី​បុណ្យ​អុំ​ទូក​វិញ ផ្លូវ​មាត់​ទន្លេ​មិន​កក​ស្ទះ​ដូច​មុន​ទៀត​ទេ ព្រោះ​ទាំង​អ្នក​​ទស្សនា ទាំង​​អ្នក​អុំ ទាំង​អ្នក​ចែវ រវល់​ដេក​យក​កំលាំង​​សង​រយៈ​ពេល​បី​ថ្ងៃ​មុន​វិញ។ នៅ​តាម​ដង​ផ្លូវ​និង​សួន​ច្បារ យើង​ឃើញ​​មាន​តែ​ជាង​រុះ​រើ​​គ្រោង​ឆ្អឹង​រោង​ទំនិញ​ និង កម្មករ​បោស​កើប​សំរាម កន្លែង​ខ្លះ​គ្រាន់​បើ​​ក៏​មាន​បាញ់​ទឹក​លាង​ទី​ធ្លា​ផង​ដែរ។ ដូច្នោះ​ប្រជា​ជន​យើង​ក៏​មិន​ភ្លេច​ដែរ​​នូវ​ទំលាប់​ស៊ីចុក​ឱយ​គេ​បោស​ជូត​តាម​ក្រោយ រហូត​សឹង​ក្លាយ​ជា​ប្រពៃ​ណី ឬ ចាក់​ដោត​ត​សន្ដាន​ក្លាយ​ជា​សភាវគតិ​របស់​កូន​ចៅ​ហើយ។ ស្មៅ​ខៀវ​ស្រងាត់​កាល​ពី​ថ្ងៃ​ទី ៣០ តុលា ត្រូវ​សឹក​រេច​រឹល ក្រោម​ទំងន់​ជើង​ទស្សនិក​ជន​រាប់​ពាន់​នាក់ លិច​កប់​ក្រោម​គល់​​សល់​តែ​រឹស​ ក្លាយ​ជា​សួន​ច្បារ​ក្រាល​ស្មៅ​ពណ៌​មាស​ទៅ​វិញ។
មិន​ដឹង​ថា​ពី​ឆ្នាំ​មុន​សភាព​ទឹក​ទន្លេ​យ៉ាង​ណា​ទេ តែ​ព្រឹក​មិញ​នេះ ខ្ញុំ​ឃើញ​ទឹក​ទន្លេ​ហាក់​ល្អក់​កករ​សំបើម​ណាស់ សម​ល្មម​នឹង​ខែ​កត្តិក​ជិត​ចូល​មក​ដល់ ខ្យល់​ត្រជាក់​ជិត​បក់​​មក​ពី​ជើង​ផង គួរ​តែ​ទឹក​ទន្លេ​សាប​គួរ​តែ​ហូរ​ពី​បឹង​ទន្លេ​សាប​ចុះ​មក​ក្រោម។ បើ​ហូរ​ពី​ទន្លេសាប​ចុះ​មក​ក្រោម មិន​គួរ​ណា​ល្អក់​កករ​បែប​នេះ​ទេ លុះ​ត្រា​តែ​ទឹក​ឡើង​ពី​ទន្លេ​មេគង្គ ហើយ​កំពុង​ហូរ​ចូល​បឹង​ទន្លេ​សាប ទើប​ធ្វើ​ឱយ​ទន្លេ​ចតុមុខ​ល្អក់​បាន។ (នេះ​ជា​សំនួរ​គួរ​ដោះ​ស្រាយ, អ្នក​ណា​ចង់​ស្រាយ​ក៏​ស្រាយ​ទៅ ត្បិត​ខ្ញុំ​មិន​សូវ ហើយ​មិន​ចេះ​សោះ វិស័យ​ឧត្តុនិយម ធារាសាស្ត្រ ឬ ក៏​ភូមិវិទ្យា​មួយ​នេះ)។
តាម​រយៈ​បណ្ដាញ​ពត៌មាន គេ​បាន​​ប្រមើល​ឃើញ​ថា ប្រជា​ជន​ឆ្នាំ​នេះ​មិន​សូវ​ចូល​រួម​កុះ​ករ​ដូច​ឆ្នាំ​មុនៗ​ទេ ប្រទីប​ក៏​តិច​តួច ទូក​ក៏​ស្ដួច​ស្ដើង ព្រោះ​តែ​បាតុភូត​ធម្មជាតិ​គំរាម​កំហែង​ខ្លាំង​ពេក​ស្ទើរ​គ្រប់​ខេត្ត​ក្រុង។ មិន​ថ្វី​ទេ ប្រទីប​ធំៗ យើង​អាច​ចាំ​មើល​តាម​ទូរទស្សន៍​បាន តែ​យុវជន​មួយ​ចំនួន​ប្រហែល​ជា​មិន​ធ្លាប់​បាន​ឃើញ ឬ​ក៏​មិន​ធ្លាប់​បាន​តំលើង​ប្រទីប​​ដោយ​ខ្លួន​ឯង​ទេ​មើល​ទៅ។ កាល​មិន​ទាន់​បាន​ស្វែង​យល់​ជីវិត​កំសត់​កំរ​ត្រដាប​ត្រដួស​នៅ​ភ្នំ​ពេញ​នេះ ខ្ញុំ​តែង​តែ​ទៅ​មើល​គេ​បណ្ដែត​ប្រទីប​នៅ​មាត់​ស្ទឹង ទាំង​ថ្ងៃ​ចេញ​វស្សា ទាំង​ថ្ងៃ​បណ្ដែត​ប្រទីប​ព្រោះ​ផ្ទះ​អ៊ំ​ខ្ញុំ​នៅ​ជាប់​មាត់​ស្ទឹង​ស្រាប់។ ទាំង​ចាស់ៗ និង​បងៗ​កំលាំង​ពេញប៉ុន្មាន​នាក់​កាប់​ដើមចេក​មិន​ដឹង​ជា​ប៉ុន្មាន​ដើម​ទេ​មក​ធ្វើ​ជា​ប្រទីប ប្រវែង​ប្រហែល​ជា​​មួយ​ពីរ​ម៉ែត្រ ហើយ​សែង​ចុះ​ទៅ​បណ្ដែត​ក្នុង​ស្ទឹង​ប្រហែល​ម៉ោង ប្រាំបី​ ប្រាំ​បួន​នឹង​គេ ដោយ​មាន​បាញ់​សាម​ទឹង​ប្រកូក​ប្រកាស​អ្នក​ភូមិ​ឱយ​ចូល​រួម​ផង​ដែរ។ ភ្លើង​ទៀន​អណ្ដែត​ពេញ​ស្ទឹង អ្នក​ណា​ក្លាហាន កំលាំង​បាន ក៏​ហែល​តាម​ប្រទីប​ទៅ​យក​លុយ​បូជា​ឱយ​ប្រែត​សំរាប់​ទុក​ចាយ​ខ្លួន​ឯង​ផង​ដែរ។ រូបភាព​នេះ​ជា​ទំនៀម​ទំលាប់​ដោយ​ឡែក​មួយ​ដែល​យើង​គួរ​តែ​កត់​ត្រា​ទុក​។

ថ្វី​បើ​បុណ្យ​អុំ​ទូក​មិន​បាន​ស្ថិត​នៅ​ក្នុង​បញ្ជី​ចំនូល​ចិត្ត​របស់​ខ្ញុំ​ក៏​ដោយ​ ខ្ញុំ​បាន​ដឹង​ខ្លះៗ​តាម​ការ​សិក្សា​និង​តាម​សំដី​ចាស់ៗ​ប្រដៅ​ទុក​ពី​មុន​មក​ថា ខ្មែរ​យើង​ធ្វើ​ឡើង​ដើម្បី​រំលឹក​សមត្ថភាព​សង្គ្រាម​ជើង​ទឹក​កាល​ពីសម័យ​ដើម​ដែល​យក​ឈ្នះ​ប្រទេស​ចំប៉ា​បាន។ មួយ​ទៀត​គឺ​សុំ​ខមាទោស​​ដល់​ទន្លេ បឹង​ព្រែក ស្ទឹង​ទាំង​ឡាយ នូវ​កំហុស​ដោយ​អចេតនា​ពី​មុន​មក។ ល្អ​ម៉្យាង​ដែរ នរណា​បើក​រោង​ចក្រ​បង្ហូរ​ទឹក​ស្អុយ ទឹក​ពុល​ចូល​ក្នុង​ទន្លេ សុំ​ខមា​ទោស​ពេល​នេះ មិន​ដឹង​ថា​​ម្ចាស់​ទឹក​ម្ចាស់​ដី​លើក​លែង​បាប​ឱយ​ដែរ​ឬ​អត់​មើល​ទៅ តែ​បើ​សាក​ឧបត្ថម្ភ​ទូក ឧបត្ថម្ភ​ជន​រង​គ្រោះ ប្រហែល​​ជា​មនុស្សលោក​​​ព្រម​ធ្វើ​មិន​ដឹង​​មិន​លឺ​ហើយ​កោត​សរសើរ​ថែម​ទៀត។ មួយ​ទៀត​តាម​យោបល់​របស់​ខ្ញុំ គឺ​ចាស់ៗ​ឆ្លៀត​ពេល​នេះ​នាំ​យុវជន​មក​កំដៅ​សាច់​ដុំ តំលើង​ឫទ្ធិ​ដាក់​គ្នា អួត​ក្រមុំៗ​មក​ពី​ខេត្ត​ឆ្ងាយ​ហើយ​មើល​ទៅ។ បើ​មើល​ទៅ​ល្មម​ត្រូវ​ចិត្ត យើង​អាច​នាំ​ម៉ែ​ចូល​ស្ដី​ទាន់​ខែ​កត្តិក​ខាង​មុខ។ បើ​មិន​ទាន់​ស្គាល់​គ្នា​ច្បាស់​ទេ ចាំ​ចូល​ឆ្នាំ​ទៅ​វត្ត​​ជុំ​គ្នា​ម្ដង​ទៀត​ក៏​បាន។ ជួន​កាល​បើ​ខាង​ស្រី​នៅ​តែ​ប្រកែក យើង​ប្រហែល​ជា​ត្រូវ​តាម​លោម​ដល់​ភ្ជុំ​ទៀត​ក៏​មិន​ដឹង។ តែ​សូម​ប្រយ័ត្ន ចាស់ៗ​មិន​​ទំលាប់​រៀបការ​ក្មេងៗ​​រដូវ​ចូល​វស្សា និង ចំ​ថ្ងៃ​សីល​ទេ (ឥលូវ​ទំនើប​ពេក​ សូម្បី​តែ​ខែ​ខ្មែរ​មាន​អ្វី​ខ្លះ ក៏​ពិបាក​នឹង​ទន្ទេញ​ទៅ​ហើយ)។

[Word count: 902] ខ្ញុំ​ល្ម​ម​បញ្ចប់​ត្រឹមនេះ​ហើយ អត្ថបទ​វែង​ពេក​នាំ​តែ​អ្នក​អាន​ងុយ​ដេក​ទេ អ្នក​សរសេរ​ក៏​សរសេរ​លែង​ដឹង​ក្បាល​កន្ទុយ​ហើយ​ចាក​ប្រធាន​បទ​ទៀត។

Leave a Reply