នារីប្រភេទណា ជាទីស្រលាញ់ របស់បុរស?
នេះជាសំនួររបស់រដ្ឋានៅក្នុងទំព័រ មិត្តលាភ តែដោយសារខ្ញុំមិនឧស្សាហ៍ចុះឈ្មោះក្នុងទំព័រច្រើនពេកខ្ញុំនឹងឆ្លើយប្រាប់អ្នកអាននៅទីនេះ។
តាមខ្ញុំចាំព្រាលៗនៅឡើយសំដីអ្នកគ្រូអក្សរសាស្ត្រខ្ញុំបានបង្រៀន គុណសម្បត្តិរបស់មនុស្សមានប្រាំ៖
- រូបសម្បត្តិ
- ចរិយាសម្បត្តិ
- ទ្រព្យសម្បត្តិ
- វិជ្ជាសម្បត្តិ
- និង សុខភាព
មនុស្សម្នាក់ៗមិនអាចបំពេញល័ក្ខខ័ណ្ឌទាំងនេះបាន ១០០ ភាគរយទេ តែវាអាស្រ័យនៅលើយើងអាចទទួលមនុស្សម្នាក់នោះបានឬអត់។ ខ្ញុំវិញដែលមិនទាន់មានបទពិសោធន៍ជាក់ស្ដែងក្នុងវិស័យនេះ អាចបកស្រាយបានខ្លះៗតាមកត្តាខាងលើផង និងតាមចំនូលចិត្តខាងលើផង ហើយនេះមិនទាន់សំរេចថាជាគោលការណ៍ជ្រើសរើសរបស់ខ្ញុំទៅថ្ងៃមុខទេ៖
- ត្រូវតែជាស្រី (ធនញ្ជ័យក៏ទាមទាររកប្រពន្ធជាស្រីដែរ)
- រូបសម្ផស្ស ឱយតែមានដៃជើងគ្រប់គ្រាន់សមជាមនុស្សនឹងគេគឺគ្រប់គ្រាន់ហើយ ជួនកាលមានមិត្តស្រីស្អាតពេកយើងមានមោទនភាពហើយតែពិបាកការពារបន្តិច (beautiful vs pretty)
- ចិត្ត មិនបាច់គោរពតាមច្បាប់ស្រីទាំងអស់នោះទេ ឱយតែចេះគិតបានឆ្ងាយ មានគុណធម៌ក្នុងខ្លួន នោះអ្នកណាមិនស្រលាញ់
- សំដី ត្រូវមានជាដាច់ខាត ក្នុងការទំនាក់ទំនងញាតិមិត្ត និងការប្រកបរបរ
- ប្រាក់កាស សេដ្ឋកិច្ចគ្រួសារពឹងផ្អែកទៅលើស្រីចេះទុកដាក់ទាំងស្រុង បើបានគេមានរឹតតែល្អ បើបានអ្នកធ្លាប់ក្រទើបគេចេះសន្សំសំចៃ បើបានអ្នកដើរផ្សាររាល់ថ្ងៃខ្ញុំប្រាកដជាដេកយំមិនខាន
- … (មានច្រើនទៀតដែរតែនឹកមិនទាន់ឃើញ)
ចំនុចចុងក្រោយ សូមផ្ដល់ដំបូន្មានដល់បុរសថាចង់ស្រលាញ់គេ យើងគួរធ្វើខ្លួនឱយក្លាយជាទីស្រលាញ់របស់គេផង មិនមែនមើលតែពីយើងម្ខាងនោះទេ។