តើគួរពិពណ៌នាសំរស់នារីបែបណា ទើបសមនឹងរូបសម្បត្តិរបស់គេ?
កាលម្សិលមិញ ម៉ោងនេះ នៅក្នុង Internet Cafe មាននារីម្នាក់ដែលមានរូបសម្ផស្សល្អជាទីគយគន់ អាចចាត់ទុកថាកំររកឃើញស្រីដែលមានសំរស់ធម្មជាតិបែបនេះនៅតាមដងផ្លូវណាស់។ គេថាមានអ្នកល្អឆើត និង អ្នកល្អគន់។ ដោយឡែកខ្ញុំកំរមើលឃើញនារីណាដែលហៅថាស្អាតចំពោះភ្នែកទាំងគូនេះណាស់។ កាលណាបើឃើញយល់ថាស្អាតហើយ ខ្ញុំបានត្រឹមតែសរសើរ ថាបើកូនស្អាតបែបនេះហើយ តើជីដូនស្អាតបែបណាទៅ? ឬក៏លួចសួរខ្លួនឯងថា បើស្រីស្អាតម្នាក់នោះកោរសក់ ដកធ្មេញ និង យំស្រែកចំពោះមុខខ្ញុំ តើគេនៅស្អាតដែរឬទេ? ប្រហែលការស្រមើស្រមៃបែបនេះគ្រាន់តែជាអនត្តាតែប៉ុណ្ណោះ តែខ្ញុំមិនទាន់ចង់បានសម្បត្តិទេវតា ឬ សម្បត្តិនិព្វានអ្វីទេ សុំត្រឹមតែសម្បត្តិមនុស្សលោក រស់សំរាប់ថ្ងៃស្អែកប្រហែលជាគ្រប់គ្រាន់ហើយ។
នាងម្នាក់នោះ (ពាក្យ «នាង» នេះប្រហែលជាគ្រោតគ្រាតបន្តិចសំរាប់អ្នកអានខ្លះ) មានសំបុរសប្រហែលជាកូនកាត់ចិនផងមិនដឹង មុខមិនមូលក្រឡង់ដូចព្រះចន្ទ្រទេ ព្រោះមុខមូលដូចរង្វង់មិនសមជារូបមនុស្សទេ គឺរាងទ្រវែងតាមសមាមាត្រ ៣/៤ ល្មមហៅថាមនុស្សម្នានឹងគេ។ ដោយបាំងនឹងជញ្ជាំងកុំព្យូទ័រផង បាំងនឹងអេក្រង់កុំព្យូទ័ររបស់នាងផង ខ្ញុំអាចលួចមើលឃើញត្រឹមតែពាក់កណ្ដាលផ្ទៃមុខខាងស្ដាំរបស់នាងតែប៉ុណ្ណោះ។ សក់វែងមិនប្រះស្មាទេ គឺវែងជាងបន្តិចរហូតដល់កំពស់ក្លៀក (គ្រោតគ្រាតទៀតហើយខ្ញុំ តើគួរប្រើពាក្យអ្វីឱយល្អ?) ស្រឡូន ពណ៌ខ្មៅក្រិប បញ្ជាក់ថានាងក៏ជាមនុស្សម៉ត់ចត់ក្នុងការថែទាំខ្លួនប្រាណមិនធម្មតាដែរ។ ចិញ្ចើមក៏មិនកោងខ្វង់ដូចឥន្ធនូដែរ (អាក្រក់មើលណាស់) តែរាងកោងទ្រវែងលើកកន្ទុយបន្តិច ដែលធ្វើឱយបុរសនានាឈ្លក់វង្វេងមិនស្ទើរទេដោយសារកន្ទុយចិញ្ចើមនោះ។ កែវភ្នែកភ្លឺថ្លាសំលឹងទៅកាន់កញ្ចក់កុំព្យូទ័រជានិច្ច បញ្ជាក់ថានាងនឹងពាក់វ៉ែនតាម៉្ញូបក្នុងពេលឆាប់ៗនេះហើយ។ យូរៗម្ដង នាងសំលឹងមកខ្ញុំដោយភាពគ្នាន់ក្នាញ់ ដោយសារតែខ្ញុំម្ដងញញឹមដាក់កញ្ចក់កុំព្យូទ័រ ម្ដងលបមើលមុខនាងយ៉ាងរប៉ិលរប៉ូច។ សំនាងដែរ នាងមិនថ្លើមធំឈរច្រត់ចង្កេះបញ្ចោរខ្ញុំកណ្ដាលចំនោម។ ឬក៏នាងសប្បាយចិត្តនឹងមានគេលបមើលបែបនេះ? ឬក៏នាងគិតថាខ្ញុំមានបំនងបន្តិចបន្តួចអ្វីខ្លះលើរូបនាង? ពុទ្ធោ! ខ្ញុំអត់ហ៊ានទេ ធ្វើជាអ្នកនិពន្ធប្រើប៉ាកកាជជុះបានត្រឹមតែលែបខាយជាឃ្លាប្រយោគតែប៉ុណ្ណោះ សូមនាងអហោសិកម្មឱយខ្ញុំផង។ បន្ទាប់មកទៀត ខ្ញុំមិនដឹងថា ត្រូវពិពណ៌នាច្រមុះនាងបែបណានោះទេ ព្រោះច្រមុះមានរន្ធ ២ ដូចតែយើងទាំងអស់គ្នា។ បបូរមាត់ទៀតសោត មិនស្ដើងពេក មិនក្រាស់ពេក តែមិនមែនមានន័យថានាងគ្មានបបូរមាត់នោះទេ គឺបបូរមាត់សមនឹងទំរង់មុខ ទំរង់ច្រមុះ ហើយប្រហែលជាសមនឹងឈ្មោះទៀតផងក៏មិនដឹង។ គួរឱយស្ដាយនាងមានមាឌធំដំបង ប្រហែលជាខ្ពស់ជាខ្ញុំ ១ សង់ទីម៉ែតផងក៏មិនដឹង។ ថ្វីបើអាយុនាងប្រហែលជាស្របាលនឹងខ្ញុំក៏ដោយក៏ប្រហែលជាខ្ញុំមិនមានសំនាងអែបស្ដាំសារសង ទាក់ទងនឹងនាងទេ ត្បិតអីរូបខ្ញុំអាក្រក់ខុសគេ ខុសឯង មុខចាស់ជាងអាយុ ដូច្នោះបើមើលពីសំបកក្រៅអ្នកដែលមានរូបរាងចំនាស់ខ្ញុំនេះសុទ្ធតែអាយុបងខ្ញុំទាំងអស់ភាគច្រើន។ — ចប់ការពិពណ៌នាត្រឹមប៉ុណ្ណេះ –
លំអនារីពិតជាស្មុគស្មាញខ្លាំងណាស់សំរាប់ពិពណ៌នាឱយសព្វជ្រុងជ្រោយ ថ្វីបើឥន្ទ្រីយារម្មណ៍ខ្ញុំមានតែ ៦ (៧, ៨ ទៀតក៏មិនទាន់អស្ចារ្យ បើអ្នកមិនទាន់បានកាន់ប៉ាកកា សរសេរអត្ថបទមួយដែលបញ្ជាក់ពីអារម្មណ៍ពិតរបស់អ្នក ដែលផ្ទុយពីការពិពណ៌នាតែងសេចក្ដីនៅក្នុងសាលារៀន …)។ មនុស្សផ្សេងគ្នា ប្រាកដជាមានចំនាប់អារម្មណ៍ផ្សេងគ្នា អ្នកខ្លះចូលចិត្តទំរង់មុខ ខ្លះទៀតចូលចិត្តដៃជើង ខ្លះៗ និង ខ្លះៗ ចូលចិត្តដងខ្លួន (អាសអាភាសទៀតហើយខ្ញុំ) ធ្វើឱយការពិពណ៌នានីមួយៗហាក់មិនមែនបង្ហាញពីមនុស្សតែមួយ។
ត្បិតតែយើងមិនអាចបកស្រាយឱយបានក្បោះក្បាយអំពីរូបភាពខាងក្រៅរបស់នារីម្នាក់នោះ តែរូបភាពរបស់នាង ពិបាកនឹងឃ្លាតឆ្ងាយពីអារម្មណ៍របស់យើងណាស់ ជួនកាលឈានដល់សុបិន្តឃើញទាំងយប់ទាំងថ្ងៃទៀតផង (ត្រង់ចំនុចនេះ ហាក់ដូចជាមិនដែលកើតមានលើរូបខ្ញុំសោះ)។ តែអ្នកអានទាំងស្រីទាំងប្រុសទាំងអស់គ្នា គួរចងចាំថាការវាយតំលៃមនុស្សតែសំបកក្រៅ គឺជាជំហានទីមួយតែប៉ុណ្ណោះ ជួនកាលយើងវាយតំលៃគេទាំងល្ងិតល្ងង់ដោយមិនបានពិចារណាឱយសព្វជ្រុងជ្រោយ។ ដើម្បីយល់ច្បាស់ពីនរណាម្នាក់ យើងត្រូវចូលឱយបានជិតបំផុត ប្រាស្រ័យទាក់ទងគ្នា ស្វែងយល់អត្តចរិត និង អាកប្បកិរិយាជារៀងរាល់វិនាទី។ នោះយើងនឹងបានដឹងថាគេមិនអាចយករូបរាងមកបាំងបិទអត្តចរិត និង ទំលាប់ពីកំនើតរបស់គេបានទេ។ ជាជំនួយក្នុងការវាយតំលៃមនុស្ស សូមកុំវាយតំលៃមនុស្សចំពោះមុខជាដាច់ខាត ព្រោះមនុស្សភាគច្រើនមិនមានអារម្មណ៍ល្អស្ដាប់គេវាយតំលៃខ្លួននោះ ទេ លើកលែងតែគេអនុញ្ញាតិឱយយើងវាយតំលៃគេដោយស្ម័គចិត្ត ហើយមានន័យថាគេពិតជាអនុញ្ញាតិមែន។ ការអានរឿងប្រលោមលោក សៀវភៅទស្សនវិជ្ជា សង្គមវិទ្យា ឬ ចិត្តវិទ្យា ជាជំនួយយ៉ាងក្នុងការស្វែងយល់អត្តចរិតមនុស្សឱយបានឆាប់រហ័ស ជាងការស្វែងរកបទពិសោធន៍ក្នុងសង្គមពិតប្រាកដដោយផ្ទាល់ខ្លួន។
(សំរាប់ខ្ញុំ មនុស្សដែលមានរោមភ្នែកវែង ជាចំនុចទាក់ទាញយ៉ាងខ្លាំងក្លា។ នរណាមិនលង់ស្រីរោមភ្នែកវែង!
)