យើងជាខ្មែរ ចុះនរណាមិនមែនខ្មែរ?
នរណាក៏អួតអាងថាយើងជាខ្មែរនោះដែរ ស្ទើរតែក្លាយជាពាក្យទន្ទេញចាំមាត់ទៅហើយ គ្រាន់តែនិយាយមានអីពិបាក តែអ្នកនិយាយនោះមានអ្វីជាសំអាង? ខ្លាចតែយើងថាមិនបានដូចធ្វើតែប៉ុណ្ណោះ។
- យើងជាខ្មែរ និង WE ARE KHMER មានន័យដូចគ្នា តែបើដាក់ខ្លួនជាខ្មែរហើយ យើងគ្មានមូលហេតុអ្វី ដែលទៅសរសេរជាភាសាបរទេសឱយគេមើលនោះទេ។ ទំលាប់អាក្រក់មួយក្នុងការសរសេរត្រាប់សំលេងយើងគួរតែជៀសវាង (transliteration transcription) ព្រោះនេះជាវិធីសាមញ្ញរបស់មនុស្សដែលមិនចេះភាសាច្បាស់លាស់នោះទេ។ “KIOM SOM TOS”, “TOV NA” , “ហ៊េបភី”, “បឺសដេយ៍”, … មិនមែនជាភាសាប្រើប្រាស់ជាផ្លូវការនោះ ទេ យូរៗទៅយើងមិនដឹងថាពាក្យនោះជាភាសាអ្វីសរសេរក្នុងអក្សរអ្វីនោះទេ។
- នៅពេលមានជំលោះជាមួយថៃ យើងធ្វើពហិការឈប់ប្រើប្រាស់របស់ថៃ ងាកមកប្រើរបស់ចិន កូរ៉េ ជប៉ុន អាមេរិចវិញ។ ត្រង់ហ្នឹងគ្មានអ្វីខុសគ្នាទេ។ នៅពេលដែលយើងព្រួតដៃគ្នាប្រើប្រាស់ផលិតផលបរទេស ផលិតផលក្នុងស្រុកនឹងខ្វះទីផ្សារក្នុងស្រុករបស់ខ្លួន, ក្ស័យធន, ធ្វើឱយបុគ្គលិកខ្មែរអត់ការធ្វើដដែលជាដដែល។ ទំនិញបរទេសដែលអាចឈានជើងវាយលុកចូលក្នុងទីផ្សារយើងបានក៏ចាប់ផ្ដើមពីការគាំទ្ររបស់អតិថិជនក្នុងស្រុករបស់គេដែរ។ បើយើងមិនគាំទ្ររបស់យើង តើធ្វើម្ដេចយើងងើបរួចពីភាពឥតការងារធ្វើរបស់បងប្អូនរួមជាតិយើង? គួរឱយស្ដាយ មិត្តភ័ក្ដិទាន់សម័យយើងមួយចំនួនមិនតិចទេដែលខំសន្សំប្រាក់កាសចូលហាងទិញសំពត់អាវស្បែកជើងល្អៗម៉ាកអន្តរជាតិ ហើយដើរហួសតូបលក់អាវរោងចក្រកាត់ដេរនៅភ្នំពេញ។
- យើងអាចមើលឃើញច្បាស់ទាំងអស់គ្នា នៅពេលដែលផលិតកម្មផលិតបទចំរៀង និងខ្សែវីដេអូ ឯកសារទាំងនោះត្រូវបានចែកចាយយ៉ាងអនាធិបតេយ្យដោយអ្នកដែលសំអាងខ្លួនថាជាខ្មែរពេញៗមាត់នោះ។ ទោះបីជាក្រុមហ៊ុនទាំងនោះ គ្មានសមត្ថភាពសរសេរទំនុកថ្មី ឬចំលងពីបរទេស ឬ ចំលងពីអ្នកនិពន្ធចាស់ៗ ក៏ដោយ ក៏ការលួចចំលងដោយគ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវពីម្ចាស់កម្មសិទ្ធបែបនេះ មិនខុសពីទ្រឹស្ដីពាលស៊ីពាលនោះទេ ទីបំផុតគឺពាលទាំងអស់គ្នាតែប៉ុណ្ណឹង។ យកល្អយើងត្រូវស្វែងរកមូលហេតុនៃកង្វះខាតរបស់គេ ហើយរិះគន់ក្នុងន័យកែលំអរ ទើបហៅថាកូនមានពូជ។
- ម្នាក់ៗមានមោទនភាពដែលកើតមកជាខ្មែរព្រោះដូនតាខ្មែរពូកែ ឈ្លាសវៃ ធនធានធម្មជាតិក៏សំបូរសប្បាយមិនខ្វះស៊ីចុក។ យើងគួរតែគិតថាពួកគេធ្វើបានប៉ុណ្ណឹងតាំងពីរាប់សតវត្សមកហើយ ចុះមកដល់សម័យយើងនេះ យើងធ្វើបានអ្វីខ្លះហើយឬនៅ? ម៉ែឪពូកែមិនប្រាកដថាកូនពូកែតាមពូជនោះទេ បើមិនចេះខំប្រឹងប្រែងដោយខ្លួនឯង។ រឿងអតីតកាលលែងជាការពិតនោះហើយ បើយើងកំពុងតែបំផ្លាញខ្លួន ឯងយ៉ាងដូច្នេះ។
- យើងជាខ្មែរ ខ្ញុំស្រលាញ់ជាតិ ខ្ញុំប្ដេជ្ញា បំបាត់អំពើពុករលួយ ខ្ញុំស្នេហាជាតិ … គ្រាន់តែជាការឃោសនាសំរាប់ប្រយោជន៍គេតេប៉ុណ្ណោះ បើអ្នកធ្លាប់ធ្វើសង្គ្រាមដេកព្រៃ ស៊ីបាយក្រៀម ធ្វើអ្នកបំរើនយោបាយ រេរាំតាមគេញាក់ យើងនឹងដឹងថា អ្នកថាចេះតែថា អ្នកធើចេះតែធើ អ្នកខូចចាំតែប្រមូលផល។
ជាជាងការអួតអាងថាយើងជាខ្មែរ យើងគួរបង្ហាញថាយើងពូកែដោយទង្វើរបស់យើង។ សូមចាំទុកចុះ «យើងជាខ្មែរ» ដែលចុះផ្សាយក្នុងទូរទស្សន៍ វិទ្យុ កាសែត និង «យើងជាខ្មែរ» ដោយចេញពីចិត្ត និង សកម្មភាពផ្ទាល់ មានន័យមិនដូចគ្នាទេ។ យើងគួរកាត់បន្ថយនិយាយហើយ ចាប់ផ្ដើមបញ្ចេញសកម្មភាពឡើង។
គំនិតខ្លះៗ៖
- តើសកម្មភាពណាខ្លះ បញ្ជាក់ថាជាតិនិយម?
- តើអ្វីទៅជាលេសនយោបាយ?
- យើងមានលទ្ធភាពបង្កើនការផលិតក្នុងស្រុកដែរឬទេ?
- ផលិតកម្ម, ការចែកចាយ, និង ការលក់និងផលិតកម្ម មួយណាអាចបង្កើតការងារបានច្រើនជាងគេ?
- វិស័យណាដែលជំរុញឱយសេដ្ឋកិច្ចកម្ពុជារីកចំរើនទៅថ្ងៃមុខ?
- ក្រៅពីឧស្សាហកម្មកាត់ដេរ តើយើងអាចបង្កើតឧស្សាហកម្មអ្វីបានទៀតដែលឆ្លើយតបតំរូវការក្នុងស្រុករបស់កម្ពុជា និង អាចប្រជែងទាំងតំលៃនិងគុណភាពជាមួយផលិតផលនាំចូលពីបរទេស?
- និស្សិតអាចជួយការងារសង្គមបានអ្វីខ្លះ?
- ប្រវត្តិសាស្ត្របង្រៀនមនុស្សឱយចេះអ្វីខ្លះ?
- តើមានវិធីណាខ្លះដែលអាចកែលំអមនុស្សដែលចេះតេថា តែមិនចេះធ្វើ?
- ខ្មែរគួរជួយខ្មែរតាមវិធីណា?
- ការរស់ក្រោមជំនួយបរទេស ផ្ដល់វិបាកអ្វីខ្លះដល់កម្ពុជា?
- ឧស្សាហកម្មអាហារ និង ប្លាស្ទិកអាចកើតមានឡើងនៅកម្ពុជាបានឬទេ?
ខ្ញុំនឹងភ្ជាប់អត្ថបទរបស់អ្នកដែលឆ្លើយតបនឹងសំនួរទាំងនេះ បើអ្នកពេញចិត្តក្នុងការបកស្រាយឱយបានក្បោះក្បាយ។