Archive for the ‘សង្គម​កិច្ច’ Category.

ដំនឹង​គ្រោះ​ថ្នាក់​ទាន់​ហេតុ​ការណ៍

ល្ងាច​មិញ (ថ្ងៃ​ទី ១៥ វិច្ឆិកា ២០០៩ ម៉ោង ៥ ល្ងាច) ឬ អាច​ថា អំបាញ់​មិញ​ក៏​បាន គ្រោះ​ថ្នាក់ តិច​តួច​ល្មម​អាច​នឹង​គំរាម​កំហែង​ដល់​ជីវិត​បាន​កើត​ឡើង​បន្ត​បន្ទាប់​គ្នា​ក្នុង​បរិវេណ​ពហុកីឡា​ដ្ឋាន​ជាតិ​អូឡាំ​ពិច។

ជា​ដំបូង ដោយ​សារ​ថ្ងៃ​នេះ​ជា​ថ្ងៃ​អាទិត្យ អ្នក​ស្នេហា​កីឡា​ទាំង​ក្មេង​ទាំង​ចាស់​នាំ​គ្នា​មក​ប្រជ្រៀត​ទាត់​បាល់​ទាំង​ក្នុង​ទាំង​ក្រៅ​តារាង​បាល់​ ទាំង​លើ​ទាំង​ក្រោម ទាំង​តារាង​ដី​ក្រហម និង តារាង​លត​ឆា។ ខ្ញុំ​ចូល​ទៅ​ដល់​ស្តាត​ម៉ោង ៤​កន្លះ​ និង ចំនាយ​ឱយ​សន្តិសុខ​យាម​ផ្លូវ​ចូល ១០០០ រៀល​ដូច​សព្វ​ដង​ហើយ​នៅ​តែ​មិន​បាន​លេង​បាល់​នឹង​គេ​ទៀត។ យើង​សល់​គ្នា​ប៉ុន្មាន​នាក់​ ក៏​ទាត់​ត្រេះ​លេង​បណ្ដើរៗ រង់​ចាំ​ក្រុម​យើង​វិល​ចូល​លេង​ជា​មួយ​គេ​ដែរ។ មិន​យូរ​ប៉ុន្មាន បាល់​មួយ​មិន​ដឹង​មក​ពី​ណា​ទេ ហើរ​មក​បុក​គុម្ព​ត្រចៀក​របស់​ខ្ញុំ ទំងន់​ប្រហែល ២០ គីឡូ។ បើ​សិន​ជា​​បាល់​នេះ​ត្រូវ​អ្នក​ផ្សេង​វិញ មិន​ចាំ​បាច់​ដល់​ថ្នាក់​មនុស្ស​ចាស់​ ឬ ស្ត្រី​​ទេ សូម្បី​តែ​អ្នក​លេង​បាល់​ដូច​គ្នា ត្រូវ​បាល់​គេ​ស៊ុត​តំរង់​សៀត​ផ្កា​ដោយ​មិន​ដឹង​ខ្លួន​បែប​នេះ ប្រហែល​ជា​សន្លប់​ធំ​ផង​ក៏​មិន​ដឹង។ ជា​លទ្ធផល ខ្ញុំ​ងីងើរ​មួយ​សន្ទុះ ហើយ​គ្មាន​នរណា​ម្នាក់​ចូល​មក​សូម​ទោស​បន្តិច​ណា​ទេ នេះ​ជា​ទឹក​ចិត្ត​កីឡា​ករ​ដែល​មិន​មែន​អាជីព។ ថា​មិន​ត្រូវ​ដែរ កីឡាករ​អាជីព​ខ្លះ និង​ខ្លះ​ទៀត ​ឫក​មិន​ខុស​ពី​ពាល​ប៉ុន្មាន​ដែរ។

បន្តិច​ក្រោយ​មក តារាង​នៅ​ខាង​ក្រោយ​ខ្នង​ខ្ញុំ​គេ​អ៊ូអរ​ចោម​រោម​រថយន្ត​មួយ បន្ទាប់​ពី​លឺ​សូរ​អ្វី​មួយ​ប៉ះ​ទង្គិច​នឹង​រថយន្ត​នោះ​រួច​មក។ ជា​ធម្មតា​នៅ​តារាង​ខាង​ខ្ញុំ​វិញ យើង​ប្រយ័ត្ន​ប្រយែង​ណាស់ ឱយ​តែ​មាន​រថយន្ត​មិន​ថា​អន់រខេក​រខាក ឬ អស់លោក​ពាក់​ផ្លាក​មន្ត្រី​ណា​មួយ​ទេ យើង​ត្រូវ​តែ​ផ្អាក​លេង​ជា​ដាច់​ខាត ព្រោះ​ការ​ប៉ះ​ទង្គិច​លើក​ណា​ក៏​ខាត​ទាំង​សង​ខាង នរណា​ៗ​ក៏​ដឹង​ដែរ។ ការ​ពិត មិន​មែន​បាល់​រត់​បុក​កញ្ចក់​រថយន្ត​ដូច​រាល់​ដង​ទេ តែ​នេះ​គឺ​មិន​ដឹង​ជា​​កូនចៅ​លោក​ណា​ទេ​ដែល​ព្រហើន​បើក​ឡាន​ដេញ​បុក​អ្នក​លេង​បាល់​វិញ។ ការ​ពិត​​បន្ទាប់​មក​ទៀត ​ខ្ញុំ​ទើប​ដឹង​ថា​គាត់​មិន​មែន​ជា​កូន​ចៅ​លោក​ណា​ទេ គឺ​មាន​គេ​រអ៊ូ​គ្រប់​ៗ​គ្នា​ថា ធ្វើ​គ្រូ​​របស់​សហព័ន្ធ​ហើយ​នៅ​តែ​បញ្ចេញ​ចរឹក​ពាល ដេញ​បុក​ក្មេង​លេង​បាល់​ហើយ គំរាម​ដក​កាំភ្លើង​ដេញ​បាញ់​គេ​ទៀត។ នរណា​ហ៊ាន​អើត​មើល​បើ​លេង​សុទ្ធ​តែ​ដំនោះ​ស្រាយ​បែប​ព្រៃ​បែប​នេះ តែ​អ្នក​លេង​បាល់​ក្នុង​ស្តាត​ទាំង​អស់​ហាក់​ស្រុះ​គ្នា​អស្ចារ្យ​មិន​ត្រឹម​តែ​មិន​ហ៊ាន​អើត​មើល​ម្ដង​ទេ គឺ​គេ​អើត​ម្ដង​ហើយ ម្ដង​ទៀត រក​កាំ​ភ្លើង​នោះ​ទុក​នៅ​ទី​ណា នឹង​អាល​ដក​ហូត​ទុក ត្បិត​​គេ​ថា​គាត់​នេះ​រាង​ស្រវឹង​ផង។

ក្រុម​មួយ​ផ្សេង​ទៀត​មក​ពី​ខាង​ណា​មិន​ដឹង​ក៏​ជួយ​ផ្ដល់​ពត៌មាន​បន្ត​ថា ឡាន​ហ្នឹង​ទើប​នឹង​ដេញ​បុក​គ្នា​គាត់​កំពុង​លេង​ស្វា​នៅ​ជ្រុង​ម្ខាង​ទៀត ហើយ​ពួក​គាត់​ស្មាន​ថា​មនុស្ស​ពាល​ម្នាក់​នេះ​ស្គាល់​គ្នា​គាត់​ហើយ​ធ្វើ​លេង​ដាក់​គ្នា ហើយ​ទើប​តែ​ដឹង​ថា​គាត់​នេះ​ចេញ​ពី​សាលា​បើក​បរ​ដែល​គេ​បង្រៀន​ឱយ​ដេញ​បុក​មនុស្ស​សោះ។ ជា​ធម្មតា​បើ​ក្មេង​ស្ទាវ​ធ្វើ​​សកម្មភាព​ស្ទាវ​បែប​នេះ​ប្រព័ន្ធ​សារពត៌មាន​ច្រើនហៅ​ថា ក្មេង​ទំនើង។ ចាស់​ៗ​ក៏​ហៅ​វា​ថា អា​ក្មេង​អត់​ម៉ែ​ឪ​ប្រដៅ។ តែ​នេះ​ជា​មនុស្ស​ចាស់​បញ្ចេញ​ចរឹក​មិន​គួរ​ ឱយ​គោរព​កោត​ខ្លាច​បែប​នេះ ទោះ​បី​យើង​ហៅ​គាត់​ថា ចាស់​ទំនើង ក៏​ប្រហែល​ជា​មិន​ទាន់​ស័ក្តិ​សម​ដែរ​មើល​ទៅ។

គួរ​បញ្ជាក់​ដែរ​ថា ទោះ​បី​រថយន្ត​ប៉ះ​ពាល់​មនុស្ស​ដោយ​ចេតនា​ ឬ ដោយ​អចេតនា​ក្ដី អ្នក​បើក​បរ​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​នៅ​លើ​ដង​ផ្លូវ។ ឯ​ដី​ស្តាត​នេះ​ផង ចំ​ម៉ោង ៥​ល្ងាច​ផង ចំ​ថ្ងៃ​អាទិត្យ​ផង ចំជា​មនុស្ស​មក​ផ្ដុំ​ក្បាល​គ្នា​កុះ​ករ​មែន​ទែន​ហើយ។ បើ​រថយន្ត​ណា​ត្រូវ​ការ​បើក​ចេញ​ក្រៅ ដោយ​មិន​ចង់​ឆ្លង​កាត់​ហ្វូង​មនុស្ស គេ​គួរ​តែ​រក​ច្រក​ចេញ​មួយ​ណា​ដែល​ជិត​បំផុត មិន​មែន​ឆ្វែល​​កន្លះ​ជុំ​ហើយ​ទើប​បើ​ក​ចេញ​តាម​ចំនង់​នោះ​ទេ។ សកម្មភាព​ដេញ​បុក​មនុស្ស​កណ្ដាល​ហ្វូង​បែប​នេះ អជ្ញាធរ​គួរ​តែ​ដក​ហូត​ប័ណ្ណ​បើក​បរ​ ហើយ​ធ្វើ​ការ​ព្រមាន និង សុំ​ទោស​ជា​សាធារណៈ ។ នេះ​មិន​ទាន់​គិត​ដល់​រូប​គាត់​ជា​គ្រូ​បង្វឹក​កីឡា​របស់​សហព័ន្ធ ដែល​ហ៊ាន​បើក​បុក​កីឡា​ករ​ផង បើ​សហព័ន្ធ​បណ្ដេញ​ចេញ​ពីការងារ ព្រឹត្តិការណ៍​នេះ​ហាក់​ដូច​ជាអស្ចារ្យ​ពេក​ហើយ​គួរ​ឱយ​អានិត​រូប​គាត់​ដែរ។

របាយការណ៍​នេះ​ចប់​ត្រឹម​ហ្នេះ។ បើ​សរសេរ​ឱយ​ស្អាត ឱយ​ប្រទាក់​ក្រលា​គ្នា​ពេក ឱយ​ដូច​ជា​អ្នក​យក​ពត៌មាន​អាជីព​ពេក អ្នក​កាសែត​មាន​ការ​ឯណា​ធ្វើ។ វវរ​ក្រុម​ហ៊ុន​កាសែត​​ប្រជែង​គ្នា​ដេញ​ថ្លៃ​ជ្រើស​យក​ខ្ញុំ​ជា​បុគ្គលិក​រាយការណ៍​ពត៌មាន ខ្ញុំ​មាន​ពេល​ឯណា​លេង​បាល់​ទៀត។ ពត៌មាន​ចុង​ក្រោយ​ដែល​ទទួល​បាន​ហើយ​ខ្ញុំ​កត់​ដាក់​បាត​ជើង​គឺ​រថយន្ត​នោះ​ពាក់​ផ្លាក​លេខ 2E 3964។