កោះសន្តិភាព គួរបង្កើតគេហទំព័រឱយទាន់សម័យនឹងគេហើយ
សារពត៌មានដែលឈានមុខគេមួយនេះ ចំពោះអ្នកដែលធ្លាប់បើកគេហទំព័រសារពត៌មានរាប់មិនអស់រួចមកហើយ ហាក់ដូចជាធុងសំរាមមួយនៅលើប្រព័ន្ធ Internet ដូច្នោះដែរ។ ទោះបីជាអ្នកយកសារពត៌មានមមារញឹកនឹងការងារយ៉ាងណា ក្រុមហ៊ុនសារពត៌មានដែលអាចផ្សព្វផ្សាយបានពេញផ្ទៃប្រទេសទាំងមូលមិនគួរណាគ្មានអ្នកចេះដឹងផ្នែកពត៌មានវិទ្យាសោះដូច្នោះទេ។
ទាំងអ្នកសរសេរកំនត់ហេតុបណ្ដាញមួយចំនួន ទាំងវិបសាយមួយចំនួន ដែលចំលងអត្ថបទទាំងស្រុងពីកោះសន្តិភាពសុទ្ធតែមានគេហទំព័រគួរឱយទាក់ភ្នែក គួរឱយចង់អាន និង ពត៌មានប្លែកៗរៀបចំទៅតាមប្រភេទ និង កាលបរិច្ឆេទ។ កោះសន្តិភាព ពិតជាគួររៀបចំគេហទំព័ររបស់ខ្លួនឡើងវិញហើយ ព្រោះសព្វថ្ងៃយើងប្រើយូនីកូដជាទូទៅហើយក្នុងចំនោមអ្នកអានភាគច្រើន ឯការតំលើងវិបសាយទៀតនោះសោតលែងត្រូវការចំនេះដឹងផ្នែកបច្ចេកទេសច្រើនទៀតហើយ។ Wordpress, Blogger, Joomla, Drupal, b2, …. សុទ្ធតែត្រូវបានរៀបចំរួចជាស្រេច។
ការបង្កើតវិបសាយសរសេរដោយដៃ ម្ដងមួយទំព័រៗ ឬ ដោយ Frontpage លែងទាន់សម័យទៀតហើយ ព្រោះការងារនោះច្របូកច្របល់ និង គ្មានប្រសិទ្ធភាពល្អដូចឧបករណ៍ប្រើប្រាស់ក្នុងពេលបច្ចុប្បន្នទេ។
ជាអនុសាសន៍សំរាប់វិបសាយទាំងឡាយដែលកំពុងស្វែងរកការគាំទ្រពីអ្នកអានរបស់ខ្លួន យើងមិនគួរចំលងអត្ថបទទាំងស្រុងពីទំព័ររបស់គេ ឬ ចំលងពីសៀវភៅច្បាប់ដើមទាំងស្រុងនោះទេ ព្រោះនេះជាការបំពានកម្មសិទ្ធិបញ្ញាទាំងស្រុង ថ្វីបើយើងប្រាប់គេថាយើងបាន និង កំពុង និង នឹងចំលងអត្ថបទពីគេជានិច្ចក៏ដោយ ព្រោះអ្នកណាក៏អាចធ្វើបែបនេះបានដូចគ្នា តែអ្នកអានត្រូវការអ្វីដែលថ្មី ពោរពេញដោយការពិចារណា។
